(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោក Tesla Inc ទើបតែប្រកាសពីលទ្ធផលផលិតកម្ម និងការចែកចាយសម្រាប់ត្រីមាសទី២ ឆ្នាំ២០២២ របស់ខ្លួន ខណៈលទ្ធផលនៃការចែកចាយនៅត្រីមាសមុននេះមានត្រឹមតែជាង ២៥០,០០០គ្រឿងប៉ុណ្ណោះដែលជាត្រីមាសធ្លាក់ចុះជាលើកដំបូងសម្រាប់ក្រុមហ៊ុនដ៏ធំមួយនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។

ប៉ុន្មានថ្ងៃមុននេះ Tesla បានចេញផ្សាយលទ្ធផលផលិតកម្ម និងការដាក់លក់របស់ខ្លួនសម្រាប់ត្រីមាសទី២ ឆ្នាំ២០២២។ ដោយក្នុងនោះក្រុមហ៊ុនផលិតរថយន្តដ៏ធំនេះបានបញ្ជាក់ថា ការដាក់លក់សរុបសម្រាប់ត្រីមាសទី២ បានត្រឹមតែ ២៥៤,៦៩៥គ្រឿង ខណៈដែលចំនួនផលិតរថយន្តសរុបមានដល់ទៅ ២៥៨,៥៨០គ្រឿងឯណោះ។

បើយោងតាមតារាងលទ្ធផលរុបសម្រាប់ត្រីមាសទី២ ឃើញថា Model S និង Model X ផលិតសរុបចំនួន ១៦,៤១១ គ្រឿង ដាក់លក់បានចំនួន ១៦,១៦២គ្រឿង ដែលមានការធ្លាក់ចុះជាង ១២ភាគរយ ខណៈដែល Model 3 និង Model Y ផលិតសរុបចំនួន ២៤២,១៦៩គ្រឿង ដាក់លក់បានចំនួន ២៣៨,៥៣៣គ្រឿង ដោយមានការធា្លក់ចុះ ៣ភាគរយបើធៀបទៅនឹងការផលិតសរុប។

យ៉ាងណាមិញនៅក្នុងសេចក្តីប្រកាសព័ត៌មានខ្លីមួយសម្រាប់លទ្ធផល ក្រុមហ៊ុន Tesla បានបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យលទ្ធផលធ្លាក់ចុះបែបនេះមួយផ្នែកធំគឺបណ្តាលមកពី «បញ្ហាប្រឈមនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការបិទរោងចក្រ» ដែលជាលទ្ធក្នុងត្រីមាសជាលើកដំបូងរបស់ខ្លួនក្នុងរយៈ ២ឆ្នាំដែល COVID-19 មកវាយលុកនេះ។

គួរជម្រាបដែរថា នៅសប្តាហ៍មុននេះក្រុមហ៊ុនផលិតរថយន្ត Tesla ទើបតែប្រកាសបិទការិយាល័យរបស់ខ្លួននៅក្នុងទៅក្រុង San Mateo រដ្ឋកាលីហ្វ័រញ៉ា ហើយថែមទាំងបញ្ឈប់បុគ្គលិកប្រហែលជាង ២០០នាក់ដែលធ្វើការនៅលើផ្នែកប្រព័ន្ធជំនួយការអ្នកបើកបរ Autopilot នៅទីនោះផងដែរ។ ខណៈការបញ្ឈប់ទាំងនេះត្រូវបានគេមើលឃើញថាទំនងជា ការបង្កើនល្បឿននៃការកាត់បន្ថយចំណាយរបស់ក្រុមហ៊ុនហ្នឹងឯង៕