(ភ្នំពេញ)៖ ម្ចាស់មេដាយមាសស៊ីហ្គេមកម្ពុជា ២រូប គឺកីឡាករ ទូច រ៉ាឆាន់ ហៅ ប៉ឺត សង្ឃឹម និងកីឡាករ អេ វីរៈខាំឈីត ភូថង ហៅ ម៉ឺន មេឃា បានបង្ហាញពីការតាំងចិត្ត និងត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយដៃគូមកពី ២ប្រទេសផ្សេងគ្នា ក្នុងព្រឹត្តិការណ៍ «សង្វៀនគុនខ្មែរជើងឯកពិភពលោក ឬ World Fight Tournament 2022» នាល្ងាចថ្ងៃទី០៦ ខែកក្កដាស្អែកនេះ នៅក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

ប្រាប់អ្នកសារព័ត៌មាន ក្រោយថ្លឹងទម្ងន់ និងពិនិត្យសុខភាពមុនការប្រកួត នៅថ្ងៃទី០៥ ខែកក្កដានេះ ប៉ឺត សង្ឃឹម ម្ចាស់មេដាយមាសលើវិញ្ញាសាកីឡាប្រដាល់ឃីកបុកស៊ីង បានសម្ដែងការសប្បាយចិត្ត សម្រាប់ការចូលរួមព្រឹត្តិការណ៍អន្ដរជាតិដ៏ធំនេះ បន្ទាប់ពីរូបគេបានខិតខំប្រឹងប្រែងហ្វឹកហាត់ជាច្រើនសប្ដាហ៍ ដើម្បីពង្រឹងទាំងកម្លាំង និងបច្ចេកទេស។ ឯការប្ដូរពីការប្រកួតឃីកបុកស៊ីង មកប្រកួតគុនខ្មែរនេះ ក៏មិនមែនជាបញ្ហាចោទនោះដែរ។

ប៉ឺត សង្ឃឹម បញ្ជាក់ថា «ការប្ដូរពីឃីកបុកស៊ីង មកប្រកួតប្រដាល់គុនខ្មែរនេះ ខ្ញុំគិតថា មិនជាបញ្ហាចោទនោះទេ ដោយសារខ្ញុំមានមូលដ្ឋានគ្រឹះពីប្រដាល់គុនខ្មែរមកជាច្រើនមកហើយ។ ខ្ញុំពិតជាសប្បាយចិត្ត ដែលបានចូលរួមប្រកួតកម្មវិធី World Fight ដែលជាកម្មវិធីដ៏ធំលំដាប់ពិភពលោក ហើយក៏ជាបទពិសោធន៍ថ្មី សម្រាប់ការប្រកួតអន្ដរជាតិធំៗ ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ»

ចំណែកកីឡាករ ម៉ឺន មេឃា ម្ចាស់មេដាយមាសកីឡាវ៉ូវីណាម បានលើកឡើងស្រដៀងគ្នាថា ដើម្បីត្រៀមការប្រកួតស្អែកនេះ ខ្លួនបានខិតខំប្រឹងប្រែងហ្វឹកហាត់ទ្វេដង ទាំងកីឡាវ៉ូវីណាម(ជម្រើសជាតិ) និងប្រដាល់គុនខ្មែរ។ កូនប្រុសលោក អេ ភូថត រូបនេះ បានប្ដេជ្ញានឹងធ្វើឲ្យបានល្អបំផុត ដើម្បីដណ្ដើមជ័យជម្នះ ពោលគឺវាយដោយទំនុកចិត្ត និងអស់ពីសមត្ថភាព ទោះបីរូបគេទទួលស្គាល់ដៃគូរបស់ខ្លួន គឺជាជើងខ្លាំងមួយរូបក៏ដោយ។

មេឃា និយាយថា «សម្រាប់ការហ្វឹកហាត់របស់ខ្ញុំ គឺខ្ញុំត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតស្អែកនេះ។ ខ្ញុំនៅតែហ្វឹកហាត់កីឡាវ៉ូវីណាមរៀងរាល់ថ្ងៃ បន្ទាប់មកបានខ្ញុំហាត់ប្រដាល់គុនខ្មែរ។ អ៊ីចឹងការហ្វឹកហាត់របស់ខ្ញុំ គឺហាត់ខ្លាំងទ្វេដង។ ដូច្នេះខ្ញុំគិតថា ទាំងបច្ចេកទេស និងកម្លាំង វាលើសពីធម្មតា ដែលខ្ញុំហ្វឹកហាត់ទាំង ២វិញ្ញាសា ក្នុងនោះវ៉ូវីណាម លោកគ្រូគាត់បង្ហាត់ក្បាច់ជើងទាត់ច្រើន ហើយគុនខ្មែរ គឺហាត់ដៃច្រើន...»

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ដ៏ធំ ដែលរៀបចំដោយស្ថាប័ន World Fight នេះ ប៉ឺត សង្ឃឹម នឹងត្រូវជួបកីឡាករថៃ Pen Thepeak Muangnon ទម្ងន់ ៥៧.២គីឡូក្រាម ខណៈកីឡាករ ម៉ឺន មេឃា នឹងត្រូវជួបកីឡាករប្រេស៊ីល Felype Souza ក្នុងនាមគូដណ្ដើមខ្សែក្រវាត់ប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម។ ក្រៅពីនេះ ក៏មានគូខ្លាំងៗ ៣គូផ្សេងទៀតដែរ រួមមានកីឡាករកម្ពុជា កាន់ ម៉េងហុង ជួបកីឡាករអូស្ដ្រាលី Dylan Eagle ទម្ងន់ ៥៥,៣គីឡូក្រាម។ កីឡាការិនីកម្ពុជា ទូច ច័ន្ទវត្តី ជួបកីឡាការិនីអេស្ដូនី Marie Ruumet ទម្ងន់ ៥៣.៥គីឡូក្រាម និងគូអន្ដរជាតិដ៏កក្រើកកម្មវិធីនេះ គឺជំនួបរវាងជើងខ្លាំងថៃ Buakaw Banchamek ជួបជើងខ្លាំងប៉េឡារុស Varats Dzmitry ទម្ងន់ ៧១គីឡូក្រាម។

លោក Tony Anh ប្រធាន World Fight បានអះអាងថា ព្រឹត្តិការណ៍ World Fight Tournament 2022 នេះ រៀបចំឡើងក្នុងគោលបំណងរួមចំណែកផ្សព្វផ្សាយពីប្រដាល់គុនខ្មែរ និងអភិវឌ្ឍន៍វិស័យកីឡាអត្ដសញ្ញាណជាតិមួយនេះ ឲ្យកាន់តែរីកចម្រើនលើឆាកអន្ដរជាតិ ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ តាមរយៈការផ្គូរផ្គង់ជាមួយកីឡាករ-កីឡាការិនីជើងខ្លាំងមកពីជុំវិញពិភពលោក ដែលនឹងត្រូវធ្វើការប្រកួតចំនួន ១១កម្មវិធី ចាប់ពីថ្ងៃទី០៦ ខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០២២ ខាងមុខ៕