(កំពង់ឆ្នាំង)៖ ក្រុមសប្បុរសជនមួយក្រុមធំ ដែលក្នុងនោះមានក្រុមអ្នកប្រើប្រាស់រថយន្ត Ford Territory Club Cambodia (FTCC) ផងនោះ បាននាំយកសម្ភារសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាកងមាស ស្ថិតភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សរុបចំនួន២៥០នាក់។

សកម្មភាពមនុស្សធម៌នេះធ្វើឡើងនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នៅសាលាបឋមសិក្សាកងមាស ស្ថិតភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងការទទួលបានសម្ភារសិក្សានោះ សិស្សានុសិស្សម្នាក់ៗទទួលបាន៖ កាតាប១ សៀវភៅសរសេរ៣ក្បាល ខ្មៅដៃ៣ដើម ប៊ិច១ដើម ខួងខ្មៅដៃ១ ជ័រលុប១ដុំ បន្ទាត់១ដើម ក្ដារឆ្នួន១ឈុត នំ១កញ្ចប់ វីតាមីន C ១០គ្រាប់ ស្បែកជើង១គូ។

លើសពីនេះ ដោយបានឃើញពីការលំបាករបស់សិស្សស្រី២នាក់ ដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយជិត១០គីឡូម៉ែត្រ ដើម្បីមកសាលារៀនជារៀងរាល់ថ្ងៃ សមាជិកក្រុមគ្រួសារ FTCC ក៏សម្រេចមូលមតិគ្នាជូនបន្ថែមកង់ចំនួន២គ្រឿងទៅដល់ពួកគេទាំង២នាក់។

ក្រុមគ្រួសារ FTCC ក៏បានប្រគល់ថវិកាជូនដល់លោកគ្រូអ្នកគ្រូចំនួន៥នាក់ និងលោកមេភូមិកងមាស១នាក់ ម្នាក់ៗទទួលបាន៥០,០០០រៀល សរុប៣០០,០០០រៀល ព្រមទាំងអាវយឺត អាវភ្លៀង ក៏ដូចជាប្រគេនបច្ច័យទេយ្យទានព្រះសង្ឃដែលគង់នៅវត្តក្បែរសាលាកងមាស។ ក្នុងឱកាសនោះ ក្រុមសប្បុរសជនក៏បានបង្កើតជាសកម្មភាពដាំកូនឈើនៅតាមទីធ្លាសាលារៀន ដើម្បីលើកស្ទួយបរិស្ថាន។

លោកស្រីនាយិកាសាលាបានថ្លែងអំណរគុណដល់ក្រុមគ្រួសារ FTCC និងសប្បុរសជនទាំងអស់ ដែលបានផ្ដល់ជាអំណោយដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាកងមាសដែលកំពុងជួបការលំបាក និងខ្វះខាត។ លោកស្រីនាយិកាសាលាបានប្រសិទ្ធពរជ័យជូនដល់សមាជិកក្រុម និងសប្បុរសជនទាំងអស់ជួបតែសេចក្ដីសុខ សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចទាំងអស់៕