(បរទេស)៖ ត្រកូល iPhone 14 របស់ Apple កំពុងតែរំពឹងខ្ពស់ថានឹងមានតម្រូវការខ្លាំងនាពេលខាងមុខ ខណៈដែល iPhone 13 ជំនាន់នេះ គឺជាស្មាតហ្វូនដែលទទួលបានការគាំទ្រ និងលក់ដាច់បំផុតនៅលើពិភពលោកក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២២។ ដោយឡែករបាយការណ៍ថ្មីនេះ បានឱ្យដឹងថា Apple កំពុងតែបង្ខំចិត្តកាត់បន្ថយការបញ្ជាទិញពីក្រុមហ៊ុនផ្គត់ផ្គង់ទៅវិញ ដោយក្នុងនោះវាមានចំនួនដល់ទៅ ១០ភាគរយឯណោះ បើទោះបីជារំពឹងថានឹងមានតម្រូវការខ្លាំងសម្រាប់ត្រកូលរបស់ខ្លួនក៏ដោយ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន PhoneArena នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។

យោងតាម Digitimes បានឱ្យដឹងថា Apple គ្រោងនាំចេញគោលដៅនៃរលកទី១ សម្រាប់ iPhone 14 ចំនួន ៩០លានគ្រឿងប៉ុន្តែក្នុងចំនួននោះត្រូវបានកាត់បន្ថយចំនួន ១០ភាគរយ។ ខណៈដែលបញ្ហានេះបានចាប់ផ្តើមនៅពេលដែលក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple TSMC បានកែតម្រូវការបញ្ជាទិញតាមអតិថិជនរបស់ពួកគេដែលធ្វើឱ្យស្ថានភាពបន្ទះឈីបកាន់តែអាក្រក់ទៅៗ។

ដោយឡែក TSMC មានអតិថិជនកំពូលចំនួន ៣រួមមាន Apple, AMD, NVIDIA ដោយសារតែតម្រូវការបន្ទះឈីបខ្ពស់ អមជាមួយនឹងកង្វះខាតជាបន្តបន្ទាប់ បានធ្វើឱ្យអតិថិជនទាំងនេះមិនអាចបន្តអាជីវកម្មដូចធម្មតាបាន ដូច្នេះហើយបានជា Apple សម្រេចកាត់បន្ថយការបញ្ជាទិញពីក្រុមហ៊ុនផ្គត់ផ្គង់ដ៏ទៅ ១០ភាគរយបែបនេះ។

ហើយមួយវិញទៀតការកាត់បន្ថយនេះក៏បណ្តាលមកពីការផ្លាស់ប្តូរបន្ទះឈីបទៅលើត្រកូលស្មាតហ្វូនមួយចំនួនផងដែរ ដោយ Apple គ្រោងដាក់ដំណើរកាបន្ទះឈីបដែលមានកម្លាំងខ្លាំងទៅលើស្មាតហ្វូនរបស់ពួកគេ ដូច្នេះហើយទើបតម្រូវឱ្យក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប TSMC ត្រូវកែលម្អទៅលើដំណើរការបន្ទះឈីប។ ជាឧទាហរណ៍ Apple មានបំណងប្រើប្រាស់ Applications Processor (AP) នៅលើ iPhone 14 non-Pro របស់ពួកគេ រួមជាមួយនឹងបន្ទះឈីបជំនាន់ក្រោយ 3nm node ផងដែល ហេតុនេះហើយទើបបណ្តាលឱ្យការផលិតមានការយឺតយ៉ាវ និងរាំងស្ទះដល់ស្មាតហ្វូនបែបនេះ។

យ៉ាងណាមិញមួយរយៈចុងក្រោយនេះស្មាតហ្វូន iPhone 14 ត្រូវបានគេរាយការណ៍ជាញឹកញាប់នៅពេលថ្មីៗនេះ ខណៈដែលការបង្ហាញខ្លួននាពេលខាងមុខរបស់វានៅសល់តែប៉ុន្មាខែទៀតប៉ុណ្ណោះ។ ក្នុងនោះអ្នកវិភាគលោក Ming-Chi Kuo ក៏បានព្យាករណ៍ដែលថា តម្រូវការសម្រាប់ iPhone 14 នៅក្នុងប្រទេសចិននឹងកើនឡើងខ្លាំងជាងត្រកូល iPhone 13 នាពេលបច្ចុប្បន្ននេះទៅទៀត៕