(ភ្នំពេញ)៖ នៅថ្ងៃទី៦ និងទី៧ ខែកក្កដា ឆ្នាំ២០២២ ម៉ាស្ទ័រស៊ុគីស៊ុប នឹងរៀបចំកិច្ចសម្ភាស ដើម្បីជ្រើសរើសបុគ្គលិកជាច្រើនរូប ដោយសហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនឹងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចសម្ភាសនេះនឹងចាប់ផ្តើមចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច រយៈពេលពីថ្ងៃស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកស្រី ឃុត មុន្នី ប្រធានផ្នែកជ្រើសរើសបុគ្គលិករបស់ ម៉ាស្ទ័រស៊ុគីស៊ុប បានលើកឡើងថា កិច្ចសម្ភាសការងារនៅថ្ងៃស្អែកនេះ ខាងក្រុមហ៊ុន បានផ្តល់ឱកាសការងារសល់សាធារណជនទូទៅជិត២០០កន្លែង ដល់អ្នកមានបទពិសោធន៍ និងគ្មានបទពិសោធន៍ ឬអ្នកដែលមានការងារហើយចង់ផ្លាស់ប្តូការងារ។

លោកស្រីបន្ដថា ចំពោះអ្នកមានកម្រិតអប់រំទាបអាចចូលរួមជាមួយវេទិកានេះបានដែរ ពិសេសសម្រាប់សិស្ស-និស្សិត សាធារណៈជនទូទៅមានបំណងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារកុំភ្លេចចូលរួម ដាក់ពាក្យសម្ភាសជាមួយក្រុមហ៊ុនផ្ទាល់រយៈពេល២ថ្ងៃ។

លោកស្រីក៏បានស្នើ ដល់អ្នកស្វែងរកការងារធ្វើ ឬមានបំណងផ្លាស់ប្តូរការងារត្រូវរៀបចំខ្លួនឲ្យបានសមរម្យមុននឹងចូលសម្ភាស ដោយភ្ជាប់ជាមួយប្រវត្តិរូបផងដែរ។

លោកស្រីបានបញ្ជាក់ថា កន្លងមក NEA បានរួមចំណែកជាច្រើនជួយក្រុមហ៊ុន ដើម្បីជ្រើសរើសបុគ្គលិក ក្រុមហ៊ុនក៏ទទួលបានបុគ្គលិកជាច្រើនកំពុងបម្រើការងារផងដែរ។

លោកស្រីបានថ្លែងអំណរគុណចំពោះ NEA ដែលបានផ្តល់ឳកាសងាយស្រួល ក្នុងការផ្តល់កិច្ចសហការ ដើម្បីជួយជ្រើសរើសបុគ្គលិក ដល់ហាងម៉ាស្ទ័រស៊ុគីស៊ុប។

សូមជម្រាបថា ម៉ាស្ទ័រស៊ុគីស៊ុប បង្កើតឡើងក្នុងឆ្នាំ១៩៩៧ និងបានបម្រើស៊ុបស៊ូគីក្តៅបំផុតនៅកម្ពុជាអស់រយៈពេលជាង២០ឆ្នាំហើយ និងមានគោលបំណងក្លាយជា ក្រុមសេវាកម្មម្ហូបអាហារឈានមុខគេមានស្តង់ដារ និងរសជាតិអាហារសម្រាប់អតិថិជន។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕