(ភ្នំពេញ)៖ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី «ប្រកួតប្រជែងនិយាយជាសាធារណៈកម្រិតប៊ែលធី» (BELTEI Level) លើកទី៧ ឆ្នាំ២០២២ សម្រាប់សិស្សចំណេះទូទៅ ថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ ដែលមានបេក្ខជនចំណាត់ថ្នាក់លេខ១ ចំនួន ៨៨នាក់ មកពីសាខាទាំង២២ ចូលរួមប្រកួតប្រជែងដណ្តើមជយលាភី។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្របគ្រង នាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ។

តាមរបាយការណ៍លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឱ្យដឹងថា មានបេក្ខជនសិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ សរុបចំនួន ១០,៤៧០នាក់ បានចូលរួមប្រកួតប្រជែង និយាយជាសាធារណៈលើកទី៧ ឆ្នាំ២០២២។

បេក្ខជនទាំងអស់ត្រូវធ្វើការប្រកួតជម្រុះតាមថ្នាក់ (Class Level) និងតាមសាខា (CAMPUS LEVEL) របស់ខ្លួន ដើម្បីចម្រាញ់យកបេក្ខជនឆ្នើមពីតាមសាខាទាំង២២ ចំនួន៨៨នាក់ មកចូលរួមប្រកួតវគ្គពាក់កណ្តាលព្រ័ត្រ និងផ្តាច់ព្រ័ត្រ ។ បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន២៤សាខា ក្នុងនោះ ២៣សាខា កំពុងដំណើរការ និង១សាខាកំពុងសាងសង់ (គ្រោងនឹងដាក់ឱ្យដំណើរការ នាខែសីហាខាងមុខនេះ) និងមានសិស្សកំពុងសិក្សាចំនួនជាង ៥៥,០០០នាក់ និងមានបុគ្គលិក បម្រើការងារប្រមាណជាង ២,៥០០នាក់ផងដែរ។

សាលា ប៊ែល ធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗចំនួន៥ រួមមាន៖

ទី១៖ កម្មវិធីចំណេះទូទៅ (ថ្នាក់ត្រៀម, ថ្នាក់ទី១-១២)
ទី២៖ កម្មវិធីភាសាអង់គ្លេសទូទៅ (ថ្នាក់ត្រៀម, កម្រិត១-១២)
ទី៣៖ កម្មវិធី អភិវឌ្ឍបញ្ញា IMA
ទី៤៖ វគ្គបណ្តុះបណ្តាលកុំព្យូទ័រ
និងទី៥៖ ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

បវេសនកាលចំណេះទូទៅ ឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងវគ្គថ្មីភាសាអង់គ្លេសទូទៅពេញម៉ោង និងក្រៅម៉ោងជំនាន់ទី៦៥ នឹងត្រូវចូលរៀននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។

ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ បានកោតសរសើរចំពោះសិស្សជយលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងសិក្សាស្រាវជ្រាវដើម្បីចូលរួមប្រកួតប្រជែងចាប់តាំងពីកម្រិតថ្នាក់ កម្រិតសាខារបស់ខ្លួនរហូតដល់ទទួលបានជោគជ័យក្នុងវគ្គផ្តាច់ព្រ័ត្រនាពេលនេះ និងបានថ្លែងអំណរគុណចំពោះមាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញឱ្យកូនៗបានសិក្សាបន្ថែមនៅផ្ទះ និងគោរពវិន័យ សាលាបានល្អ។

លោកអគ្គនាយករង បានបន្ថែមទៀតថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងពង្រឹងគុណភាពអប់រំ ផ្នែកចំណេះទូទៅឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីឱ្យស្របតាមបាវចនាប៊ែលធី «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌» ហើយដើម្បីឱ្យប្អូនៗ ក្មួយៗទាំងអស់ មានភាពក្លាហានបង្កើនទំនុកចិត្ត ហ៊ាននិយាយជាសាធារណៈក្នុងចំណោមមហាជន ហ៊ានបញ្ចេញមតិយោបល់ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។

ជាចុងក្រោយ លោកអគ្គនាយករង ក៏បានប្រគល់មេដាយមាស ប្រាក់ សំរិទ្ធ និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សជយលាភីថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ ចំនួន១២នាក់ផងដែរ៕