(អ៉ីតាលី)៖ ចៅក្រមក្នុងប្រទេសអ៉ីតាលី នៅថ្ងៃច័ន្ទសប្តាហ៍នេះ បានចេញសេចក្តីសម្រេច ឲ្យម្ចាស់ពានរង្វាន់អូស្កា និងជាអ្នកដឹកនាំរឿងល្បីឈ្មោះលោក Paul Haggis ទទួលបានការដោះលែង ឲ្យមានសេរីភាព បន្ទាប់ពីលោកត្រូវបានឃាត់ខ្លួន និងដាក់ឲ្យឃុំខ្លួនក្នុងផ្ទះនាពេលថ្មីនេះ ក្រោមការសង្ស័យករណីរំលោភផ្លូវភេទ។ តែយ៉ាងណារឿងក្តីរបស់លោក គឺកំពុងស្ថិតក្នុងដំណើរការស៉ើបអង្កេតបន្តទៀត។ នេះបើតាការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
Michele Laforgia មេធាវីរបស់អ្នកនិពន្ធរឿងជនជាតិកាណាដារូបនេះ បាននិយាយថា «សំណើរបស់យើង ដើម្បីឲ្យលុបចោលការឃុំខ្លួនក្នុងផ្ទះ ត្រូវបានទទួលយកដោយចៅក្រម និងគ្មានវិធានការបន្ថែមទៀត ដូច្នេះលោក Haggis ត្រូវមានសេរីភាព»។ តែយ៉ាងណាមេធាវីរូបនេះ មិនបានដឹងនោះទេថា តើកូនក្តីរបស់ខ្លួនបន្តរស់នៅអ៉ីតាលីទៀត ឬចង់ចាកចេញ។
Haggis ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១៩ ខែមិថុនា ថ្មីៗនេះ បន្ទាប់ពីមានស្ត្រីជនជាតិអង់គ្លេសម្នាក់ បានប្តឹងដោយចោទប្រកាន់រូបលោកថា បានរំលោភនាងរយៈពេល២ថ្ងៃ នៅទីក្រុង Ostuni ភាគខាងត្បូងប្រទេសអ៊ីតាលី ជាកន្លែងដែលលោកគ្រោងចូលរួមក្នុងព្រឹត្តិការណ៍ភាពយន្តមួយ។ ជុំវិញការចោទប្រកាន់នេះ លោក Haggis បានបដិសេធ និងបានអះអាងថា លោកត្រូវបានគេចោទប្រកាន់។ មេធាវីរបស់លោកបាននិយាយថា ការរួមភេទរវាងកូនក្តីរបស់ខ្លួននិងស្រ្តីរូបនោះ គឺជាការព្រមព្រៀងគ្នា អំឡុងពេលអ្នកពីរចំណាយពេលវេលារហូតដល់៣ថ្ងៃនៅជាមួយគ្នា ហើយនាងមិនមានស្លាកស្នាមរបួស ឬអំពើហិង្សា ដូចការចោទប្រកាន់ឡើយ។
អំឡុងពេលឡើងសវនាការនាពេលថ្មីនេះ ស្ត្រីអាយុ ២៨ឆ្នាំរូបនេះ បាននិយាយពីព្រឹត្តិការណ៍នានាយ៉ាងខុសស្រឡះ ដើម្បីប្រឆាំងនឹង Haggis។ នេះបើមេធាវីរបស់នាង បានប្រាប់អ្នកកាសែតនៅពេលនោះ។
គួរជម្រាបថា Haggis អាយុ៦៩ឆ្នាំ បានសរសេររឿង «Million Dollar Baby» និងសហការនិពន្ធ និងដឹកនាំរឿង «Crash» ជារឿងឧក្រិដ្ឋកម្ម ដែលលោកបានឈ្នះពានរង្វាន់អូស្ការចំនួនពីរ៕