(ប៉ារីស)៖ ក្លិបបាល់ទាត់បារាំង Paris St Germain បានប្រកាសថា លោក Christophe Galtier គឺជាអ្នកចាត់ការថ្មីរបស់ពួកគេនៅថ្ងៃពុធនេះ ភ្លាមៗបន្ទាប់ពីម្ចាស់ពានរង្វាន់ជើងឯក Ligue 1 មួយនេះបានចែកផ្លូវគ្នាជាមួយលោក Mauricio Pochettino។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។

លោក Galtier បានចូលរួមជាមួយ PSG លើកិច្ចសន្យារយៈពេល ២ឆ្នាំ បន្ទាប់ពីចាកចេញពីក្លិប Nice កាលពីខែមុន ដោយបានដឹកនាំក្រុម ឡើងទៅកាន់ការបញ្ចប់ក្នុងនាមជាជើងឯករងនៅពាន French Cup និងស្ថិតនៅចំណាត់ថ្នាក់ទី៥ ក្នុង Ligue 1 កាលពីរដូវកាលមុនផងដែរ។

បុរសសញ្ជាតិបារាំងវ័ ៥៥ឆ្នាំរូបនេះបានចូលរួមជាមួយ Nice កាលពីឆ្នាំ២០២១ បន្ទាប់ពីបានដឹកនាំក្លិប Lille ដណ្តើមបានពានរង្វាន់ Ligue 1 ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០១១ កាលពីយុទ្ធនាការមុន។

លោក Pochettino បានចាកចេញពីក្លិប PSG បន្ទាប់ពីដឹកនាំបាន ៨៤ប្រកួត ដោយលទ្ធផលឈ្នះ ៥៥លើក ស្មើ១៥លើក និងចាញ់ ១៤លើក៕