(មីឡាន)៖ ក្លិបបាល់ទាត់អ៉ីតាលី AC Milan បានបញ្ចប់ទាំងស្រុងនូវការចុះហត្ថលេខា ជាមួយអតីតខ្សែប្រយុទ្ធ Liverpool កីឡាករ Divock Origi លើការផ្ទេរដោយឥតបង់ថ្លៃ។ នេះបើតាមការប្រកាសពីក្លិបម្ចាស់ពានរង្វាន់ជើងឯក Serie A ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។

Origi បានចាកចេញពីក្លិប Liverpool កាលពីចប់រដូវកាលមុន បន្ទាប់ពីលេងបានរយៈពេល ៨ឆ្នាំ ដោយលោកបានចុះហត្ថលេខាលើកិច្ចសន្យាលេងនៅក្លិប AC Milan រហូតដល់ខែមិថុនា ឆ្នាំ២០២៦។

កីឡាករសញ្ជាតិប៊ែលហ្ស៊ិក វ័យ ២៧ឆ្នាំរូបនេះបានចាកចេញពីក្លិប Liverpool បន្ទាប់ពីស៊ុតបញ្ចូលទី ៤១គ្រាប់ក្នុងការបង្ហាញខ្លួន ១៧៥ប្រកួត ហើយបានចូលរួមជាមួយ Milan ដែលបានឈ្នះពានរង្វាន់ Serie A ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ១១ឆ្នាំកាលពីរដូវកាលមុន ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Stefano Pioli៕