(បរទេស)៖ កន្លងទៅ Apple ធ្លាប់បានបង្ហាញឱ្យដឹងខ្លះៗរួចហើយទាក់ទងនឹងមុខងារសំខាន់ៗដែលមាននៅលើ Apple Watch Series ថ្មីដែលនឹងមកដល់នាពេលខាងមុខនេះ។ ដោយឡែកក្នុងចំណោមដំណឹងទាំងអស់នោះ ក៏មានដំណឹងមួយដែលនិយាយទាក់ទងនឹងមុខងារវាស់កម្តៅលើរាងកាយ ខណៈពេលនេះប្រភពពីលោក Mark Gurman បានបញ្ជាក់កាន់តែច្បាស់ថែមទៀត។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។

យ៉ាងណាមិញតាមការបញ្ជាក់របស់លោក Mark Gurman មកពី Bloomberg បានឱ្យដឹងថា Apple Watch Series 8 នេះនឹងមានបំពាក់មកជាមួយនឹង Sensor វាស់សីតុណ្ហភាពរាងកាយ ខណៈដែលមុខងារនេះវាមិនដូចជាទែម៉ូម៉ែត្រធម្មតានោះទេ ដោយ Apple Watch ជំនាន់ថ្មីនេះទំនងជាមិនប្រាប់ពីសីតុណ្ហភាពជាក់លាក់ទៅកាន់អ្នកប្រើប្រាស់នោះទេ។ បើយោងតាមប្រភពដដែលនេះ ជំនួសឱ្យការប្រាប់នូវសីតុណ្ហភាពពិតប្រាកដ Apple Watch Series 8 និងប្រើប្រាស់ Sensor របស់វាដើម្បីតាមដានសីតុណ្ហភាពអ្នកប្រើប្រាស់ ហើយប្រសិនបើវារកឃើញថាមានសីតុណ្ហភាពលើរាងកាយខុសប្រក្រតីនោះ វានឹងធ្វើការជូនដំណឹងទៅកាន់អ្នកប្រើប្រាស់ឱ្យទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬក៏ប្រើទែម៉ូម៉ែត្រដើម្បីដឹងពីសីតុណ្ហភាពនៅក្នុងខ្លួន។

បើតាមការបញ្ជាក់បន្ថែមពីលោក Gurman បានលើកឡើងថាមុខងារវាស់សីតុណ្ហភាពរាងកាយនេះកំពុងសិ្ថតក្នុងការសាកល្បង ប្រសិនបើវាជោគជ័យនោះ Apple នឹងរួមបញ្ចូលមុខងារនេះទៅក្នុង Apple Watch Series 8 ប៉ុន្តែបើមានបញ្ហាណាមួយកំឡុងពេលធ្វើតេស្ត ភាគរយច្រើនមានតែទុកទៅជំនាន់បន្ទាប់ហ្នឹងឯង៕