(កូរ៉េ)៖ អ្នកគាំទ្ររបស់ក្រុមចម្រៀងនារីដ៏ល្បី BLACKPINK ប្រហែលជារំភើបចិត្តខ្លាំងហើយ ត្បិតនៅពេលនេះ BLACKPINK ប្រកាសវិលមកវិញ នៅខែសីហាខាងមុខ និងមានកាប្រគំតន្រ្តី World Tour ធំបំផុត ក្រោយខានចេញចម្រៀងជាក្រុមជិត២ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Soompi នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។

YG Entertainment បានប្រកាសជាផ្លូវការនៅថ្ងៃទី០៦ ខែកក្កដា នេះថា ក្រុមចម្រៀងនារី BLACKPINK បច្ចុប្បន្នកំពុងថតបញ្ចប់ និងបានរៀបចំអាល់ប៊ុមចម្រៀងថ្មីជិតរួចរាល់ហើយ បើនិយាយទៅ គឺនឹងចាប់ផ្តើមថតវីដេអូចម្រៀង របស់ពួកគេនៅខែកក្កដា ហើយនឹងវិលវិញជាមួយនឹងបទភ្លេងថ្មី នៅខែសីហាខាងមុខនេះ។

ប្រភពដដែលបានបញ្ជាក់ថា «តន្ត្រីជាច្រើន ដែលជាស្ទីលថ្មីៗ របស់ BLACKPINK គឺបានត្រូវបានរៀបចំឡើង ដោយការយកចិត្តទុកដាក់បំផុត អស់រយៈពេលជាយូរមកហើយ។ ដើម្បីបង្កើនទំនាក់ទំនងរបស់ BLACKPINK ជាមួយអ្នកគាំទ្រទូទាំងពិភពលោក ពួកគេនឹងរៀបចំដំណើរទេសចរណ៍ពិភពលោកដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមចម្រៀងនារី K-pop រហូតដល់ដំណាច់ឆ្នាំ រួមជាមួយនឹងការត្រឡប់មកវិញរបស់ពួកគេ...»

គួរជម្រាបថា នេះគឺជាការវិលមកវិញលើកដំបូងរបស់ BLACKPINK ក្នុងរយៈពេលប្រហែល ១ឆ្នាំ ១០ខែ ចាប់តាំងពីពួកគេបានចេញអាល់ប៊ុមស្ទូឌីយ៉ូដំបូង ដែលមានចំណងជើងថា «THE ALBUM» ក្នុងឆ្នាំ២០២០ រួមជាមួយនឹងបទ «How You Like That» និងបទចម្រៀងសហការពិសេស «Ice Cream»