(ក្រុងឡុងដ៍)៖ យុទ្ធនាការជើងឯកស្រ្តីអឺរ៉ុប UEFA Women’s Euro 2022 លើកទី១៣ ដែលមានអង់គ្លេសធ្វើជាម្ចាស់ផ្ទះនោះ នឹងចាប់ផ្តើមនៅនារាត្រីនេះតទៅ ដោយមាន ១៦ប្រទេសចូលរួម។

ម្ចាស់ផ្ទះតោកំណាចអង់គ្លេស នឹងបើកឆាកប្រកួតមុនគេចេញពីពូលដែលត្រូវតតាំងទល់នឹងស្រ្តីអូទ្រីស នាកីឡដ្ឋាន Old Trafford នៃក្លិបបាល់ទាត់បិសាចក្រហម Manchester United ជាទីដែលសម្ពោធព្រឹត្តិការណ៍ ៤ឆ្នាំនេះផងដែរ។

Euro លើកទី១៣ នេះដែរ ក៏បានបំបែកកំណត់ត្រាចាស់ដែលបានលក់សំបុត្រអស់ចំនួន ៥០ម៉ឺនសន្លឹក ច្រើនជាងកាលពីធ្វើនៅប្រទេសហូឡង់ក្នុងឆ្នាំ២០១៧ ទៅទៀត ដ្បិតផ្តាច់ព្រ័ត្រលើកនេះនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅកីឡដ្ឋាន Wemley។

ជាមួយគ្នានោះដែរ យោងតាមរបាយការណ៍ដែលវិភាគដោយក្រុមហ៊ុន Nielsen Gracenote ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ឲ្យដឹងថា ស្រ្តីអង់គ្លេសជាក្រុមដែលមានភាគរយខ្ពស់ក្នុងការឈ្នះជើងឯក លើកទី១៣ ឆ្នាំ២០២២ នេះ ដ្បិតហូឡង់ជាក្រុមជើងឯកឆ្នាំ២០១៧ ដែលត្រូវបានពន្យារពេល ១ឆ្នាំដោយសារវិបត្តិកូវីដ-១៩៕