(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង Samsung Electronics ដែលជាបុត្រសម្ព័ន្ធរបស់ Samsung ត្រូវបានគេរំពឹងថានឹងចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី២ របស់ខ្លួននៅចុងសប្តាហ៍នេះ ខណៈដែលអ្នកវិភាគមួយចំនួនកំពុងព្យាករណ៍អំពីលទ្ធផល ថាវានឹងកើនឡើងខ្ទង់ ១៥.៦ភាគរយនៃប្រាក់ចំណេញប្រតិបត្តិការ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។

តាមរយៈការព្យាករណ៍ពីអ្នកវិភាគបង្ហាញឱ្យឃើញថា ការដាក់លក់ស្មាតហ្វូនក្នុងរយៈពេល ៣ខែចាប់ពីខែមេសា ដល់ខែមិថុនា កន្លងទៅនេះបានធ្លាក់ចុះមកនៅត្រឹមតែ ៦១លានគ្រឿងប៉ុណ្ណោះ ពោលគឺធ្លាក់ចុះខ្ទង់ ១៦ភាគរយ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ ដោយអ្នកវិភាគរំពឹងថា ការធ្លាក់ចុះនេះនឹងនាំមកនូវបា្រក់ចំណេញប្រតិបត្តិការចំនួន ២.៦ពាន់ពាន់លានវ៉ុន(ប្រហែល ២ពាន់លានដុល្លារ) តិចជាងឆ្នាំមុនដល់ទៅ ៦០០ពាន់លានវ៉ុនឯណោះ។

ដោយឡែកអាជីវម្មបន្ទះអេក្រង់របស់ Samsung វិញក៏ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះផងដែរ ជាមួយនឹងប្រាក់ចំណេញប្រតិបត្តិការដែលបានព្យាករណ៍ចំនួន ១ពាន់ពាន់លានវ៉ុន (ប្រហែល ៧៦០លានដុល្លារ) ដោយធ្លាក់ចុះពីប្រាក់ចំណេញកាលពីឆ្នាំមុនមានចំនួន ១.៣ពាន់លានដុល្លារ។ ខណៈដែលគ្រឿងប្រើប្រាស់ក្នុងផ្ទះវិញធ្លាក់ចុះកាន់តែខ្លាំង ដោយប្រាក់ចំណេញប្រតិបត្តិការនៅឆ្នាំនេះនឹងធ្លាក់ចុះជាងពាក់កណ្តាល ៥០០ពាន់ពាន់លានវ៉ុនដែលរកបានកាលពីឆ្នាំមុន។

ប៉ុន្តេចំពោះអាជីវកម្មបន្ទះឈីបរបស់ Samsung វិញត្រូវបានអ្នកវិភាគព្យាករណ៍ថា នឹងកើនឡើងខ្ទង់ ៤២ភាគរយ និងប្រាក់ចំណេញប្រតិបត្តិការវិញនឹងកើនឡើងខ្ទង់ ៩.៨ពាន់ពាន់លានវ៉ុន(ប្រហែល ៧.៥ពាន់លានដុល្លារ)។ ខណៈទំហំនៃការកើនឡើងនេះមួយផ្នែកធំបានមកពីការនាំចេញបន្ទះឈីប DRAM បានកើនឡើង ៩ភាគរយ រីឯតម្រូវការបន្ទះឈីប NAND flash បានកើនឡើងប្រហែល ២ភាគរយបើធៀបនឹងឆ្នាំមុន។

ដូច្នេះសរុបជារួមមក លទ្ធនៃការលក់របស់ Samsung ក្នុងត្រីមាសទី២ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៧៦.៨ ពាន់ពាន់លានវ៉ុន ឬស្មើរនឹង ៥៨.៤ពាន់លានដុល្លារអាមេរិក (កើនឡើង ២០.៥ភាគរយ) នៃប្រាក់ចំណេញប្រតិបត្តិការចំនួន ១៤.៥ពាន់ពាន់លានវ៉ុន (ប្រហែល ១១លានដុល្លារអាមេរិក) ដែលបានកើនឡើង ១៥.៦ភាគរយបើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២១។ តែយ៉ាងណាក៏ដោយនេះគ្រាន់តែការប៉ាន់ស្មានរបស់អ្នកវិភាគប៉ុណ្ណោះ ចំណែកឯរបាយការណ៍ផ្លូវការ Samsung ប្រហែលជាចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ៕