(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានអះអាងថា ការធ្លាក់ចុះនៃគម្រោងសាងសង់ និងទុនវិនិយោគ ក្នុងវិស័យសំណង់ មិនប៉ះពាល់ដល់វិស័យសំណង់ទាំងមូលនោះ ពោលគឺប៉ះពាល់ត្រឹមបុគ្គល និងអ្នកអភិវឌ្ឍន៍មានទុនមិនគ្រប់គ្រាន់ប៉ុណ្ណោះ ។

នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia និងជាម្ចាស់គម្រោងបុរីវិមានសំណាង បន្ទាប់ពីលោកបានចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយលោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ ។

យោងរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងរយៈពេល ៥ខែកន្លងមកនេះ ទុនក្នុងវិស័យសំណង់ បានធ្លាក់ចុះរហូតដល់ ៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ប៉ុន្តែការធ្លាក់ចុះទុន និងគម្រោងសាងសង់នាដើមឆ្នាំ២០២២នេះ មិនប៉ះពាល់ដល់សុខភាពវិស័យនេះទាំងមូលនោះទេ ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ទទួលស្គាល់ថា រយៈពេលប៉ុន្មានខែមកនេះ ពិតជាមានការធ្លាក់ចុះមែន ប៉ុន្ដែការជាប់គាំងលើគម្រោងសាងសង់មួយចំនួន គឺជារឿងបុគ្គល ដោយសារតែគម្រោងខ្លះស្ទើរទាំងទុនវិនិយោគស្ទើរទាំងបទពិសោធន៍ ទាំងក្រុមលក់ និងការសាងសង់ជាដើម ។ តែការជាប់គាំងនៃគម្រោងមួយចំនួននេះ មិនប៉ះពាល់ដល់ឧស្សាហកម្មសំណង់ទាំងមូលនៅកម្ពុជានោះទេ ព្រោះមានគម្រោងជាច្រើន កំពុងដំណើរការសាងសង់ និងលក់ធម្មតា ហើយចេញនូវគម្រោងថ្មីៗជាបន្ដបន្ទាប់ទៀតផង ។

ជាក់ស្ដែងគម្រោងបុរីវិមានសំណាង ដែលកំពុងអភិវឌ្ឍន៍លើផ្ទៃដី ២៥ហិចតា ស្ថិតនៅបណ្ដោយមហាវិថីឈ្នះឈ្នះ និងមានវីឡាជាង ៤០០ផ្ទះ កំពុងដំណើរការសាងសង់ និងទទួលបានការគាំទ្រច្រើនពីអតិថិជន ។ ផ្អែកលើបទពិសោធន៍ជោគជាំក្នុងវិស័យនេះ គួបផ្សំជាមួយការមានទុនគ្រប់គ្រាន់ក្នុងដៃ អ្នកជំនាញខាងលើ មានសុទិដ្ឋិនិយមថា គម្រោងលំនៅដ្ឋានបែបអភិថិជន ដែលមានតម្លៃចាប់ពីជាង ៤០ម៉ឺនដុល្លារឡើងនេះ នឹងដំណើរការដោយរលូន ទាំងការសាងសង់ និងការលក់ មិនមានអ្វីប៉ះពាល់ឡើយ ។ មិនតែប៉ុណ្ណោះ លោកក៏កំពុងសម្លឹងមើលទីតាំងថ្មី ដើម្បីអភិវឌ្ឍន៍បន្ដនៅជិតតំបន់នោះទៀតផង ។

ទន្ទឹមជាមួយគ្នាដែរ លោក ចាន់ ម៉ាច បានសម្ដែងនូវសេចក្ដីរីករាយ ដែលធនាគារហ្វីលីព បានសហការជាមួយគម្រោងបុរីវិមានសំណាង ដើម្បីផ្ដល់នូវការគាំទ្របន្ថែមដល់វិស័យសំណង់ និងការអភិវឌ្ឍលំនៅដ្ឋាន ពិសេសផ្ដល់ភាពងាយស្រួលដល់អតិថិជន តាមរយៈការផ្ដល់ឥណទានក្នុងការទិញលំនៅឋានតែម្ដង ៕