(អឺរ៉ុប)៖ ក្រុមមកលីគអាល្លឺម៉ង់ Bundesliga ក្លិប Mainz 05 នឹងត្រូវប្រកួតមិត្តភាពជាមួយក្លិបអង់គ្លេស Newcastle United មុនចាប់ផ្តើមបើករដូវកាលថ្មីរបស់ពួកគេ បើទោះជាមានក្រុមអ្នកគាំទ្រតវ៉ាប្រឆាំង ចំពោះក្លិបដែលមានម្ចាស់មកពីអារ៉ាប៊ីសាអូឌីតក៏ដោយ។ នេះបើតាមប្រភព BBC បានចេញផ្សាយនាថ្ងៃទី៊០៧ ខែកក្កដា ឆ្នាំ២០២២។

អ្នកគាំទ្រមួយក្រុមបាននិយាយថា ការប្រកួតគួរត្រូវតែបានលុបចោល ដោយពួកគេចោទថាក្លឹប Newcastle United បានក្លាយជាមធ្យោបាយស្វែងរកផលប្រយោជន៍ឱ្យរបបដឹកនាំមួយដែលមានការគាបសង្តត់លើសិទ្ធិមនុស្ស។

ក្លិប Mainz បាននិយាយថា «ការលុបការប្រកួតមិនអាចទៅរួច សម្រាប់ហេតុផលកិច្ចសន្យា» ដែលការប្រកួតគ្រោងចាប់ផ្តើមនៅថ្ងៃទី១៨ ខែកក្កដាខាងមុខនេះ នៅប្រទេសអូទ្រីស ដែលវាមានសារៈសំខាន់ក្នុងការត្រៀមមុនរដូវកាលថ្មី ប៉ុន្តែនឹងជួបពិភាក្សាជាមួយអ្នកគាំទ្រអំពីបញ្ហានេះ។

ខណៈដែលលោក Christian Heidel សមាជិកក្រុមប្រឹក្សាភិបាលក្លិប Mainz បានលើកឡើងថា «តើយើងគួរមិនគោរពកាតព្វកិច្ចតាមការសន្យារបស់យើងទេ វាអាចផ្តល់ផលវិបាកផ្នែកច្បាប់នឹងសេដ្ឋកិច្ចធ្ងន់ធ្ងរសម្រាប់យើង»

រំលឹកផងថា ក្លិប Newcastle United ត្រូវបានម្ចាស់ភាគហ៊ុនវិនិយោគសាធារណៈមកពីអារ៉ាប៊ីសាអូឌីត ចូលកាន់កាប់កាលពីខែតុលា ឆ្នាំ២០២១ ដែលរដូវកាលមុនក្លិបរហ្សនាម (សារិកាព្រៃ) បានបញ្ចប់ត្រឹមលេខរៀងទី១១ ក្នុងតារាងចំណាត់ថ្នាក់លីគ Premier League ខណៈក្លិប Mainz បញ្ចប់ត្រឹមលេខ៨ នៃតារាងលីគអាល្លឺម៉ង់ ចំណោម ១៨ក្រុម ដែលប្រវត្តិជួបគ្នា Mainz 05 យកឈ្នះ ២-១ កាលឆ្នាំ២០១៧៕