(បរទេស)៖ ហេកឃ័រម្នាក់បានអះអាងថា ខ្លួនបានហេកយកព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនចិនប្រមាណមួយពាន់លាននាក់ពីប៉ូលីសសៀងហៃ ខណៈដែលអ្នកជំនាញខាងបច្ចេកវិទ្យាបាននិយាយថា ប្រសិនករណីនេះជាការពិតមែននោះ វានឹង ក្លាយជាការបំពាន (ហេក) ទិន្នន័យប្រជាជនដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។

អ្នកប្រើប្រាស់អ៊ីនធឺណេតអនាមិក ដែលត្រូវបានគេស្គាល់ឈ្មោះថា «ChinaDan» បានបង្ហោះនៅលើវេទិកាមួយរបស់ពួកហេកឃ័រដែលមានឈ្មោះថា Breach Forums កាលពីសប្តាហ៍មុន ដោយបានដាក់លក់ទិន្នន័យមួយមានទំហំច្រើនជាង 23 terabytes (TB) ក្នុងតម្លៃ ១០ bitcoin ដែលស្មើនឹងប្រហែល ២០ម៉ឺនដុល្លារអាមេរិក។

នៅក្នុងសារដែល ChinaDan បានបង្ហោះនៅលើវេទិកា Breach Forums បានឱ្យដឹងថា នៅឆ្នាំ២០២២នេះ ទិន្នន័យរបស់ស្ថាប័នប៉ូលីសសៀងហៃត្រូវបានបែកធ្លាយ ដោយក្នុងនោះមានទិន្នន័យរបស់អ្នកជំងឺរបេង របស់ជនជាតិចិនច្រើនជាងមួយពាន់លាននាក់។

ទិន្នន័យមានព័ត៌មានរបស់ជនជាតិចិនច្រើនជាងមួយពាន់លាននាក់នោះ មានដូចជា ឈ្មោះ អាស័យដ្ឋាន ទីកន្លែងកំណើត លេខអត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ ព័ត៌មានលម្អិតអំពីឧក្រិដ្ឋកម្ម ឬបទឧក្រិដផ្សេងៗ។

ពាក់ព័ន្ធនឹងករណីបែកធ្លាយដ៏ធំ ប្រចាំប្រវត្តិសាស្ត្រនេះ គឺនៅមិនទាន់ទទួលបានសេចក្ដីបំភ្លឺជាផ្លូវការណា មួយ ពីសំណាក់រដ្ឋាភិបាលហុងកុងនោះទេ ប៉ុន្តែវាបានក្លាយជាប្រធានបទមួយដែលត្រូវបានគេលើកយកមកពិភាក្សា គ្នាពាសចេញនៅលើបណ្ដាញសង្គម Weibo និង WeChat ខណៈដែលអ្នកជំនាញបានលើកឡើងថា វាពិបាកក្នុងការវែកញែកថាវាជាការពិត ឬមិន ពិតនោះទេ៕