(ភ្នំពេញ)៖ នៅក្នុងឆមាសទី ១ នៃឆ្នាំ២០២២នេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បរិច្ចាគបង់អង្គុយសរុបចំនួន ៣៣៤បង់ និងធុងសំរាមសរុបចំនួន ១១៤ ដល់ទីតាំងធំៗចំនួន ៨ រួមមាន សាលារៀន មណ្ឌលសុខភាព បុស្ដិ៍រដ្ឋបាល បុស្តិ៍នគរបាល តុលាការខេត្ត មូលដ្ឋានស្រុក និងទីសាធារណៈនៅខេត្ត-ក្រុងនានា ដើម្បីចូលរួមពង្រឹងសណ្តាប់ធ្នាប់បរិស្ថាន និងរក្សាអនាម័យទៅតាមទីសាធារណៈ។

លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ការចូលរួមចំណែករបស់ ខ្មែរ ប៊ែវើរីជីស តាមរយៈការបរិច្ចាគបង់អង្គុយ និងធុងសំរាមនេះ បានផ្តល់ជាប្រយោជន៍ដល់ពលរដ្ឋ និងសង្គមរបស់យើងទាំងមូល ក៏ដូចជាបណ្ដុះនូវវប្បធម៌រក្សាទីកន្លែងស្អាត មានសណ្ដាប់ធ្នាប់ និងមានអនាម័យល្អជានិច្ច»

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ បន្ថែមពីការបរិច្ចាគបង់អង្គុយ និងធុងសំរាម ក្រុមហ៊ុន ជីប ម៉ុង ដែលមានក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាពាណិជ្ជកម្មមួយក្នុងចំណោមពាណិជ្ជកម្មជាច្រើន បានបរិច្ចាគថវិកាចំនួន ១លានដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាមីន និងបោសសំអាតមីននៅទូទាំងប្រទេសកម្ពុជា៕