(អាមេរិក)៖ អំឡុងពេលប្រគំតន្រ្តី Live Show លើកដំបូងរបស់ខ្លួន ចាប់តាំងពីមានហេតុការណ៍ស្លាប់មនុស្ស នៅកម្មវិធី Astroworld Festival របស់ Travis Scoot គេឃើញថា តារារូបនេះ ហាក់មានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ពោលគឺគិតគូពីសុវត្ថិភាព ដល់អ្នកចូលរួមកាន់តែខ្លាំងតែម្តង។

បើតាមការចេញផ្សាយពីគេហទំព័រ NME បានឲ្យដឹងថា តារាចម្រៀង Scott បានបើកការប្រគំតន្ត្រីនៅ Coney Island Walls ក្នុងទីក្រុង Brooklyn នៅយប់ថ្ងៃចន្ទទី៤ ខែកក្កដា ថ្មីៗនេះ។ ក្នុងវីដេអូដែលបានបង្ហោះលើ TikTok បានបង្ហាញថា អំឡុងពេលប្រគំតន្ត្រីនេះ មានអ្នកគាំទ្រមួយចំនួនបានឡើងលើបង្គោលភ្លើង ហើយពេលឃើញភ្លាមៗ តារាចម្រៀង Scott ស្រាប់តែឈប់ច្រៀងតែម្តង ដើម្បីប្រាប់ទៅកាន់អ្នកគាំទ្រ ឲ្យចុះក្រោម ដើម្បីសុវត្ថិភាព។ សមកម្មភាពនេះ ជាការបង្ហាញពីតារាចម្រៀង Scott ហាក់ប្រុងប្រយ័ត្នជាងមុនច្រើន។

ជាការកត់សម្គាល់ Scott បានត្រឡប់មករៀបចំកម្មវិធីតន្ត្រីវិញជាបណ្តើរៗ បន្ទាប់ពីការប្រគំតន្ត្រីរបស់លោកកាលពីឆ្នាំមុន ធ្វើឲ្យមានមនុស្សយ៉ាងហោច១០នាក់ស្លាប់ និងច្រើននាក់រងរបួស។ ការសម្តែងទាំងពីរលើករបស់លោក គឺទី១នៅក្នុងព្រឹត្តិការណ៍ឯកជន ក្នុងខែមីនា និងទី២ ក្នុងពិធីជប់លៀង Coachella នៅខែមេសា។ លោកបានសម្តែងការផ្សាយបន្តផ្ទាល់ ជាសាធារណៈលើកដំបូង ចាប់តាំងពីសោកនាដកម្មនៅក្នុងខែឧសភា ដោយបង្ហាញខ្លួននៅក្លឹបរាត្រី E11even ក្នុងទីក្រុងម៉ៃអាមី។ ក្រោយមកនៅខែឧសភាដដែល លោកបានសម្តែងនៅកម្មវិធី Billboard Music Awards ឆ្នាំ ២០២២ និងមានកម្មវិធីផ្សេងៗជាច្រើនទៀតផងដែរ។

គួរជម្រាបថា ទោះបីជាចាប់ផ្តើមធ្វើការវិលត្រឡប់ មករកសាធារណៈជនវិញក៏ដោយ លោក Scott នៅតែបន្តប្រឈមមុខនឹងការប្តឹងផ្តល់ជាច្រើន ទាក់ទងនឹងព្រឹត្តិការណ៍នៃ «Astroworld» និងរឿងក្តីជាច្រើនទៀត ជុំវិញព្រឹត្តិការណ៍តន្ត្រី ដែលបង្ករឲ្យមានមនុស្សស្លាប់ និងរបួសនាពេលកន្លងទៅ៕