(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង គាំទ្រគម្រោងសហហិរញ្ញប្បទានស្តារនិងជំរុញកំណើនក្នុងវិស័យទេសចរណ៍ត្រូវបានអនុវត្តក្នុងដំណាក់កាលទី២ (SCFS II) ក្នុងបំណងលើកស្ទួយអាជីវកម្មក្នុងវិស័យទេសចរណ៍ដែលបានរងគ្រោះដោយជំងឺកូវិដ-១៩។

គិតត្រឹមខែមេសាឆ្នាំ២០២២ គម្រោងនេះបានបញ្ចេញឥណទានសរុបចំនួន ១៩២លានដុល្លារអាមេរិកក្នុងការជួយសហគ្រាសគោលដៅទូទាំងប្រទេសកម្ពុជាបានចំនួន ១៥៨៦ សហគ្រាស។

លោក ចន ប៊ែល អគ្គនាយករបស់ធនាគារ ជីប ម៉ុង បានឲ្យដឹងថា៖ «យើងមានសេចក្ដីសោមនស្សរីករាយដែលបានក្លាយជាចំណែកមួយគាំទ្រគម្រោងនេះ ដែលវានឹងផ្ដល់ជាប្រយោជន៍ដល់សហគ្រាសនៅក្នុងប្រទេសឲ្យរួចផុតពីវិបត្តិ ហើយវាក៏ជាផ្នែកមួយនៃការគាំទ្រការអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជម្រុញសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវិដ១៩ តាមគន្លងប្រក្រតីថ្មី ឆ្នាំ ២០២១-២០២៣»

គួរបញ្ជាក់ផងដែរថា ធនាគារ ជីប ម៉ុង និង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្ដីពីការអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារនិងជំរុញកំណើនក្នុងវិស័យទេសចរណ៍។ គម្រោងនេះត្រូវបានផ្ដួចផ្ដើមឡើងដោយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងគាំទ្រដោយរដ្ឋាភិបាលកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៣២គ្រឹះស្ថាន៕