(ឡុងដ៏)៖ ខ្សែបម្រើឆ្នើម Paul Pogba មានគម្រោងត្រឡប់ទៅកាន់ក្លិប Juventus ក្នុងលីគអ៉ីតាលី Serie A វិញជាលើកទី២ ក្រោយកិច្ចសន្យារបស់លោកបានផុតកំណត់ជាមួយ Manchester United ដែលមិនមានការព្រមព្រៀងត្រូវរ់ូវគ្នានោះទេ នៃការបន្តលេងក្នុងលីគអង់គ្លេស Premier League។ នេះបើតាម BBC ឲ្យដឹងនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។

ខ្សែបម្រើសញ្ជាតិបារាំង វ័យ ២៩ឆ្នាំ Pogba ត្រូវបានគេយល់ឃើញថា នឹងទៅពិនិត្យសុខភាពនៅចុងសប្តាហ៍នេះ សម្រាប់ការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈរូបគេជាកីឡាករម្នាក់ត្រូវ Man United នាំមកពី Juventus ក្នុងតម្លៃ ៨៩លានផោនបំបែកកំណត់ត្រាពិភពលោកកាលឆ្នាំ២០១៦។

គួររំលឹកផងថា Pogba បានចំណាយពេល ៦រដូវកាលជាមួយ Man United ដែលឈ្នះពានរង្វាន់ UEFA Europa League 2016-17 និងរងជើងឯក ២០២០-២១ ជាមួយការឈ្នះពាន EFL Cup ហើយក៏ត្រូវបានគេរំពឹងថា កីឡាករដែលធ្លាប់ឈ្នះពាន Serie A ៤រដូវកាល នឹងចាប់ផ្តើមហ្វឹកហាត់នៅសប្តាហ៍ក្រោយជាមួយសេះបង្កង់ Juventus ផងដែរ។

សរុបមកខ្សែបម្រើ Pogba បានបង្ហាញខ្លួន ២៣៣ប្រកួត និងរកបាន ៣៩គ្រាប់ ហើយជាកីឡាករម្នាក់រកបាន ១៦គ្រាប់ច្រើនជាងគេក្នុងក្លិប Man United អំឡុងរដូវកាល២០១៨-១៩ នាមជាសមាជិករួមចំណែកជួយក្រុមជម្រើសជាតិបារាំងឈ្នះពាន FIFA World Cup 2018។

សម្រាប់ក្លិប Juventus ដែលបានបញ្ចប់ត្រឹមលេខរៀទី៤ នៅពាន Serie A រដូវកាលមុន ហើយក៏នឹងមានការប្រកួតមិត្តភាពជាមួយ FC Barcelona នៅថ្ងៃទី២៧ នឹងប៉ះ Real Madrid នៅថ្ងៃទី៣១ ខែកក្កដានេះមុនបន្តប្រជែងរដូវកាល ដ្បិតទើបតែប្រកាសជាផ្លូវការចំពោះការនាំយកខ្សែបម្រើ Angel Di Maria ដែលផុតកិច្ចសន្យាជាមួយ PSG នោះ៕