(ភ្នំពេញ)៖ ក្រុមហ៊ុន Urban Living Solutions (ULS) ជាក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យ និងបរិយាបទក្នុងការរស់នៅ ក្រោមគម្រោងឆ្នៃប្រឌិតដ៏អស្ចារ្យនៅកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានបើកសម្ពោធជាផ្លូវការការិយាល័យលក់ និងផ្ទះគំរូគម្រោង Odom។

ផ្ទះគំរូគម្រោង Odom មានកម្ពស់២២ជាន់ នឹងលេចចេញជារូបរាងស្ថិតចំកណ្តាលទីក្រុងភ្នំពេញ លើមហាវិថីនរោត្តម ជាអគារខ្ពស់មួយមានមុខងារចម្រុះ លេចចេញជាអគារពីរជាប់គ្នា ភ្ជាប់ដោយទីធ្លាជួបជុំប្រាំជាន់ និងការរួមបញ្ចូលជាមួយលំនៅឋាន អគារពាណិជ្ជកម្ម និងការិយាល័យសហកម្មសិទ្ធិត្រូវបានរចនាដោយ ក្រុមហ៊ុនស្ថាបត្យកម្ម Kite Studio នៅប្រទេសសិង្ហបុរី បន្ទាប់ពី ULS សម្រេចគម្រោង ហើយទទួលពានរង្វាន់ដូចជា Factory Phnom Penh ភូមិបាគង និង Rose Apple Square។

ការបើកសម្ពោធជាផ្លូវការ នៃការិយាល័យលក់ និងផ្ទះគំរូរបស់គម្រោង Odom ធ្វើឡើងក្រោមការចូលរួមពីឧត្តមសេនីយ៍ឯក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ, លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ ទូរទស្សន៍បាយ័ន, លោកស្រី ម៉ៅ ស្រីពីន សមាជិកក្រុមប្រឹក្សាអគ្គនាយកលំនៅដ្ឋាន Odom និងលោក Daniel Chavez នាយកអភិវឌ្ឍន៍គម្រោង (ULS) ព្រមទាំងភ្ញៀវចូលរួមជាច្រើនទៀតផងដែរ។

លោកស្រី ម៉ៅ ស្រីពីន បានថ្លែងថា «នាងខ្ញុំមានសេចក្តីរីករាយ ក្នុងការស្វាគមន៍អ្នកទាំងអស់គ្នាដែលផ្តល់វត្តមាន ចូលរួមអបអរសាទរក្នុងការសម្ពោធជាផ្លូវការ នៃអគារតាំងបង្ហាញ Odom នេះ។ ការចំណាយពេលវេលាដ៏មានតម្លៃ របស់អ្នកឧកញ៉ា លោកឧកញ៉ា លោកស្រី លោក លោកស្រី អ្នកនាងកញ្ញា ជាកិត្តិយសរបស់ Odom»

លោកស្រីបន្ដថា ទីតាំងដ៏មានសក្តានុពល ដែលអ្នកទាំងអស់គ្នាកំពុងឈរនៅ ជាទីតាំងអនាគតរបស់ Odom ស្ថិនៅលើមហាវិថី ព្រះនរោត្ដម។
ក្រុមហ៊ុន ULS ជាអ្នកអភិវឌ្ឍឈានមុខគេ ក្នុងគម្រោងនេះ និងកំពុងកសាងអាគារមួយ ផ្ដោតលើសហគមន៍ ជាមហិច្ឆតាធំបំផុតរបស់ខ្លួន ជាមួយអគារលំនៅដ្ឋាន ពាណិជ្ជកម្ម និងការិយាល័យរួមបញ្ចូលគ្នា នេះជាចំនុចសំខាន់នាំមកនូវសហគមន៍នៃ ភូមិខ្មែរបុរាណទៅថ្ងៃអនាគត។

Odom Tower មានទំហំសរុប ដល់ទៅ៤៣,០០០ម៉ែត្រការ៉េ នៃការិយាល័យសហកម្មសិទ្ធិដ៏ប្រណិត និងប្រជុំដោយការិយាល័យអាជីវកម្ម សម្រាប់ខ្នាតតូចក្នុងស្រុក និងអាជីវកម្មបរទេសថែមទៀតផង។ Odom មានជណ្តើរយន្តស្ដង់ដារចុងក្រោយ និងចុះឈ្មោះជាបេក្ខភាពនៃអាគារបៃតង LEED ការរចនាផ្តោតលើការសន្សំសំចៃថាមពល ព្រមទាំងមានភូមិអាកាស និងជាន់ដំបូលសម្រាប់តែសមាជិក Odom Club តែប៉ុណ្ណោះ ក្រៅពីនោះនឹងផ្តល់នូវកិត្យានុភាព កេរ្តិ៍តំណែល ភាពមើលឃើញ និងភ្ជាប់ទំនាក់ទំនងគ្រប់ច្រក។

ជាប់គ្នាជាមួយ Odom Tower និងមានទំហំ១៩.០០០ម៉ែត្រការ៉េមាន២២ជាន់ Odom Living មានការរចនាសម្រាប់គ្រួសារសហសម័យ និងអ្នកជំនាញនៅកម្ពុជា។ Odom Living មានលំនៅឋានប្រភេទ១ បន្ទប់គេង៤បន្ទប់ ទំហំ៧២-២៦២ម៉ែត្រការ៉េ។ គ្រប់ខុនដូរទាំងអស់សុទ្ធមានទេសភាពពន្លឺនៃទីក្រុង ក្នុងនោះមានរានហាល២ បង្អួចកញ្ចក់ចាប់ពីការ៉ូរហូតដល់ពិដាន ពន្លឺធម្មជាតិចេញចូល បន្ទប់ទឹករចនា និងបំពាក់ដោយក្រុមហ៊ុន Kohler និងសម្ភារះផ្ទះបាយដ៏ទំនើបបំពាក់ដោយ Maison De Dietrich។

លើសពីនេះសម្ភារៈទំនើបជាច្រើនមានដូចជា សោរទ្វារទំនើបពី Samsung សន្តិសុខ២៤ម៉ោង, សួនធម្មជាតិនៅរានហាលដំបូល ក្លិបហាត់ប្រាណអាងហែលទឹក និងស្ពានអាកាស៦០ម៉ែត្រ ឆ្លងកាត់ពីអាគារលំនៅឋាន Odom Living ទៅកាន់អាគារពាណិជ្ជកម្ម Odom Tower។

ការភ្ជាប់គ្នាពីជាន់ផ្ទាល់ដីទៅជាន់ទី៥នៃអាគារទាំង២គឺ Odom Square ជាអាគារពាណិជ្ជកម្មហ៊ុមព័ទ្ធ ដោយសួនបៃតង និងអាជីវកម្មផ្សេងៗ
រួមបញ្ចូលទាំងហាងទំនិញ ម្ហូបអាហារភេសៈ និងអមជាមួយទីធ្លាបៃតងថែមទៀតផង។

សូមជម្រាបថា ក្រុមហ៊ុន Urban Living Solutions ហៅកាត់ថា ULS ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ និងបរិយាបទក្នុងការរស់ដែលបង្កើតផ្តោត លើសហគមន៍ ដើម្បីផ្សារភ្ជាប់ជាមួយភាពជឿនលឿនរបស់កម្ពុជា៕