(បរទេស)៖ អំឡុងពេលដែលជំងឺរាតត្បាត COVID-19 ចូលមកដល់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនចិនភាគច្រើនបានជួបប្រទះនឹងឧបសគ្គជាច្រើន ទៅលើដំណើរការផលិតស្មាតហ្វូនរបស់ពួកគេ ដូច្នេះហើយបានជាពួកគេស្វែងរកជម្រើសទីតាំងសមា្រប់បើកផលិតកម្មថ្មី រួមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ទំាងឡាយណាដែរអំណោយផល និងមានស្ថេរភាពផងដែរ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២២។

យ៉ាងណាមិញ Xiaomi ក៏ជាក្រុមហ៊ុនមួយក្នុងចំណោមនោះដែរ ដើម្បីជៀសពីឧបសគ្គទាំងអស់នោះ Xiaomi បានបង្វែរទិសដៅរបស់ខ្លួនងាកទៅបើរោងចក្រផលិតស្មាតហ្វូននៅក្នុងប្រទេសវៀតណាមមួយទៀត។ គិតមកដល់ពេលនេះ Xiaomi បានដាក់លក់ស្មាតហ្វូនដែលផលិតជាលើកដំបូងនៅក្នុងរោងចក្រថ្មីក្នុងប្រទេសវៀតណាម នៅលើទីផ្សាររួចទៅហើយ។

រោងចក្រថ្មីរបស់ Xiaomi មានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាម ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ២០០,០០០ម៉ែត្រការ៉េ ដែលតំណាងឱ្យការវិនិយោគរហូតដល់ ៨០លានដុល្លារអាមេរិកឯណោះ។

ម្យ៉ាងវិញទៀត គោលបំណងរបស់ Xiaomi ជាមួយនឹងរោងចក្រថ្មីនោះគឺ សម្រាប់ការផលិតស្មាតហ្វូន នឹងដាក់លក់ក្នុងស្រុក នឹងមួយផ្នែកទៀតសម្រាប់ការនាំចេញទៅកាន់ប្រទេសជិតខាងអាស៊ីអាគ្នេយ៍ ដូចជាម៉ាឡេស៊ី និងថៃជាដើម។ គួរបញ្ជាក់ដែរថា Xiaomi គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលជាប់ចំណាត់ថ្នាក់លេខ ២បើគិតពីចំណែកទីផ្សារក្នុងប្រទេសវៀតណាម ពោលគឺ Xiaomi បានកាន់កាប់ចំណែទីផ្សារខ្ទង់ ២២ភាគរយ ដែលស្ថិតនៅក្រោម Samsung តែមួយប៉ុណ្ណោះដែលបានកាន់កាប់ចំណែទីផ្សារ ៣៤ភាគរយ។ ខណៈបច្ចុប្បន្ន Xiaomi មានរោងចក្រផលិតកម្មទំាងនៅក្នុងប្រទេសចិន ឥណ្ឌា រួមទាំងរោងចក្របង្កើតថ្មីនៅក្នុងប្រទេសវៀតណាមហ្នឹងឯង៕