(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងបន្ដជួបក្រុម U19 ឡាវ នាវេលាម៉ោង ៧យប់នេះ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងប្រកួតទី៣ នៃពានរង្វាន់ AFF U19 Boys Championship 2022 ពូល B។

នេះគឺជាការប្រកួតដ៏សំខាន់ ដែលក្រុមគោព្រៃជំទង់កម្ពុជា ត្រូវការជ័យជម្នះ ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ បន្ទាប់ពីឆ្លងកាត់ ២ប្រកួតកន្លងមក កម្ពុជាបានឈ្នះ ១ (ឈ្នះសិង្ហបុរី ១-០) និងចាញ់ ១ (ចាញ់ម៉ាឡេស៊ី ២-១)។

សម្រាប់ក្រុមយុវជន U19 ឡាវ បច្ចុប្បន្នពួកគេ ក៏មាន ៣ពិន្ទុស្មើកម្ពុជាដែរ តែពួកគេចំណេញ ១ប្រកួតក្នុងដៃ ពោលគឺទើបប្រកួតបាន ១ប្រកួតប៉ុណ្ណោះ។ រីឯ ២ក្រុមផ្សេងទៀត ក៏មាន ៣ពិន្ទុដែរ គឺម៉ាឡេស៊ី និងទីម័រខាងកើត។ ហេតុនេះ កម្ពុជា ត្រូវពិន្ទុជាចាំបាច់ សម្រាប់ការប្រកួតយប់នេះ ដើម្បីបន្ដក្ដីសង្ឃឹមឡើងវគ្គបន្ដ។

ទន្ទឹមជាមួយគ្នា បន្ទាប់ពីបរាជ័យ ២-១ ក្រោមថ្វីជើងក្រុម U19 ម៉ាឡេស៊ី កាលពីដើមសប្ដាហ៍កន្លងទៅ គេឃើញលោក Koji Gyotoku បានកោះហៅកីឡាករ ៤រូបន្ថែម ដើម្បីជួយក្រុមគោព្រៃជំទង់កម្ពុជា រួមមានអ្នកចាំទី សាំង ហាន់ឃុន មកពីវិសាខា, អៀម រតនា មកពីសូលទីឡូអង្គរ, គង់ លី ហួរ មកពីព្រៃវែង និងកីឡាករ សុខគ្រី សូហ្វាន់ មកពីអង្គរថាយហ្គឺរ។

ក្រោយចប់ការប្រកួតជាមួយឡាវយប់នេះ កម្ពុជា នៅសល់តែ ១ប្រកួតទៀតប៉ុណ្ណោះ ក្នុងពូល B ដែលនឹងត្រូវជួបក្រុម U19 ទីម័រខាងកើត នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ នៅប្រទេសឥណ្ឌូនេស៊ី៕