(សៀងហៃ)៖ ព្រឹត្តិការណ៍ប្រកួតវាយកូនគោល ផ្នែកនារី LPGA Shanghai ត្រូវបានបន្តលុបចោលសម្រាប់ឆ្នាំទី៣ ជាប់គ្នាដោយសារតែការរឹតបន្តឹងពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នៅក្នុងប្រទេសចិន។ នេះបើតាមការប្រកាសពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។
ព្រឹត្តិការណ៍ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលាខាងមុខ នៅឯក្លិប Qizhong Garden Golf Club នេះ មិនបានរៀបចំឡើងនៅទេ កាលពីឆ្នាំមុន និងឆ្នាំ២០២០ ដោយសារតែព្រួយបារម្ភផ្នែកសុខភាព និងការរឹតបន្តឹងលើការធ្វើដំណើរ ចំពេលដែលមានការរាតត្បាតពីជំងឺកូវីដ-១៩។
ប្រទេសចិនបានរាយការណ៍ ថាបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន៤២៧ករណី នៅថ្ងៃទី០៥ ខែកក្កដា នេះបើតាមការបញ្ជាក់ពី គណៈកម្មការសុខភាពចិន។
សូមជម្រាបថា កីឡាការិនីសញ្ជាតិអាមេរិក Danielle Kang បានឈ្នះពានរង្វាន់ នៅក្នុងការបើកសម្ពោធព្រឹត្តិការណ៍នេះ ក្នុងឆ្នាំ២០១៨ និងបានទទួលជោគជ័យ ក្នុងការការពារពានរង្វាន់របស់នាងនៅក្នុងឆ្នាំបន្ទាប់៕