(បរទេស)៖ ក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គីសនីរបស់ស៊ុយអែត Northvolt នៅថ្ងៃអង្គារបានប្រកាសពីមហិច្ឆតាបង្កើនមូលនិធិចំនួន ១.១ ពាន់លានដុល្លារដើម្បីបង្កើនសមត្ថភាពផលិត ខណៈមូលនិធិនេះមានអ្នកវិនិយោគចូលរួមជាច្រើន រួមទាំងក្រុមហ៊ុន Volkswagen និង Goldman Sachs Asset Management ក៏បានចូលរួមនៅក្នុងនោះផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Northvolt បានលើកឡើងថា មូនិធិចំនួន ១.១ពាន់លានដុល្លារនេះនឹងត្រូវបានប្រើដើម្បីផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនយក្សដំបូងរបស់ខ្លួនដែលមានឈ្មោះថា Northvolt Ett «ក្នុងគោលបំណងផ្តោតសំខាន់ទៅលើការពង្រីកកោសិការក៏ដូចជាថាមពលរបស់អាគុយ និងការផលិតសម្ភារៈ Cathode នៅអឺរ៉ុបដើម្បីគាំទ្រដល់តម្រូវការអាគុយដែលកំពុងកើនឡើងយ៉ាងខ្លាំង»

គិតមកទល់ពេលនេះរោងចក្រលំដាប់ខ្នាតយក្ស Northvolt Ett នេះបានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអឺរ៉ុបរួចទៅហើយ។ ខណៈក្រុមហ៊ុននេះបានបញ្ជាក់ថា ខ្លួនទទួលបានការបញ្ជាទិញចំនួន ៥៥ពាន់លានដុល្លារពីអាជីវកម្មដូចជា Volvo Cars, BMW និង Volkswagen។

យ៉ាងណាមិញនៅក្នុងមូលនិធិចំនួន ១.១ពាន់លានដុល្លារនេះក្រៅពីក្រុមហ៊ុនវិនិយោគ Volkswagen និង Goldman Sachs Asset Management នៅមានវិនិយោគិនផ្សេងទៀតរួមមាន Baillie Gifford, Swedbank Robur, PCS Holding និង TM Capital ក៏បានចូលរួមក្នុងមូនិធិនេះផងដែរ។

គួរបញ្ជាក់ដែរថា ចំពោះសេចក្តីប្រកាសផ្តល់មូនិធិថ្មីចុងក្រោយរបស់ Northvolt បានកើតឡើងចំពេលដែលសេដ្ឋកិច្ចអឺរ៉ុបកំពុងដាក់ផែនការដើម្បីផ្លាស់ទីឆ្ងាយពីរប្រេងម៉ាស៊ូត និងសាំង។ ជាឧទាហរណ៍ ចក្រភពអង់គ្លេសចង់បញ្ឈប់ការលក់រថនយន្តដែលប្រើប្រេងគិតត្រឹមឆ្នាំ២០៣០ ខណៈអឺរ៉ុបនឹងតម្រូវឱ្យដាក់លក់តែរថយន្តអគ្គីសនីប៉ុណ្ណោះចាប់ពីឆ្នាំ ២០៣៥តទៅ៕