(ឡុងដ៏)៖ ខ្សែប្រយុទ្ធ Raheem Sterling ត្រូវបានបង្ហាញថា មានការយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបតោខៀវ Chelsea ហើយ បន្ទាប់ពីចំណាយពេល ៧រដូវកាលលេងឲ្យមេឃខៀវ Manchester City ដែលស្ថិតក្នុងលីគអង់គ្លេស Premier League ដូចគ្នា ទោះបីជានៅសល់កិច្ចសន្យា ១ឆ្នាំទៀតក៏ដោយ។
បុរសសញ្ជាតិអង់គ្លេស វ័យ ២៧ឆ្នាំ Sterling ក៏មានការចាប់អារម្មណ៍ជាច្រើនពីក្លិបធំៗនៅក្រៅប្រទេសផងដែរ ដែលរូបគេជាកីឡាករម្នាក់បានផ្ទេរមកចូលរួមជាមួយ City កាលឆ្នាំ២០១៥ ក្នុងតម្លៃ ៤៩លានផោនពីក្លិប Liverpool ដោយស៊ុតបាន ១៣១គ្រាប់ ក្នុងការបង្ហាញខ្លួនបាន ៣៣៩ប្រកួត។
ក្នុងនោះសម្រាប់កិច្ចសន្យាជាមួយការផ្ទេរទៅកាន់ Chelsea នឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ ដោយ Sterling នឹងក្លាយជាកីឡាករឆ្នើមដំបូងគេដែលត្រូវបានក្លិបតោខៀវ ទិញបានស្ថិតក្រោមការដឹកនាំរបស់ប្រធានក្លឹបថ្មី លោក Todd Boehly ដែលការផ្ទេរនេះ ត្រូវបានគេរំពឹងថាអាចធ្វើរួចរាល់នៅមុនពេល Chelsea ចេញទៅសហរដ្ឋអាមេរិក ក្នុងការប្រកួតមិត្តភាពត្រៀមរដូវកាលថ្មី។
Sterling ក៏ជាអ្នកស៊ុតបាន ១២០គ្រាប់ជាមួយក្លិប Man City បន្ទាប់ពីអតីតមិត្តរួមក្រុម Sergio Aguero រកបាន ១២៤គ្រាប់ច្រើនជាងគេនោះ ក្រោមការដឹកនាំរបស់លោក Pep Guardiola ចាប់តាំងពីលោកបានចូលកាន់ក្លិបមេឃខៀវនេះកាលឆ្នាំ២០១៦ មក៕