(បាសេឡូណា)៖ ខ្សែបម្រើសញ្ជាតិកូដឌីវ័រ Franck Kessie បានលើកឡើងថា ឱកាសលេងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ លោក Xavi Hernandez គឺជាកត្តាជំរុញដ៏សំខាន់ ក្នុងការសម្រេចចិត្តរបស់លោក ដើម្បីចូលរួមជាមួយក្លិបអ្នកមានបុណ្យ FC Barcelona លើកិច្ចសន្យាផ្ទេរដោយឥតបង់ថ្លៃ បន្ទាប់ពីចាកចេញពី AC Milan របស់អ៉ីតាលី។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។

«នៅពេលមានគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ ដូចគាត់កោះហៅអ្នក។ អ្នកមើលឃើញថា ការខិតខំប្រឹងប្រែងទាំងអស់របស់អ្នក គឺមានតម្លៃ» នេះបើតាមសម្តី Kessie បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះ បន្ទាប់ពីចុះកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៦។

លោកថា «ខ្ញុំពិតជារីករាយណាស់ ដែលបានក្លាយជាផ្នែកមួយនៃក្រុមគ្រួសារ និងក្លិបដ៏អស្ចារ្យនេះ»

កីឡាករវ័យ ២៥ឆ្នាំរូបនេះបានចាកចេញពីក្លិប AC Milan នៅពេលចប់កិច្ចសន្យារបស់លោក កាលពីខែមិថុនាកន្លងទៅ បន្ទាប់ពីបានជួយក្លិបអ៉ីតាលីមួយនេះ ឈ្នះពានរង្វាន់ Serie A ជាលើកដំបូងរបស់ពួកគេ ក្រោយរង់ចាំអស់ ១១ឆ្នាំកាលពីរដូវកាលមុន។

Kessie បានលេង ៥៨ប្រកួតក្នុងក្រុមបាល់ទាត់ជម្រើសជាតិកូតឌីវ័រ ផងដែរ៕