(ម៉ាទ្រីដ)៖ ខ្សែប្រយុទ្ធក្លិប Real Sociedad កីឡាការិនី Amaiur Sarriegi ត្រូវបានដាក់បញ្ចូលក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ European Championship ផ្នែកនារី។ នេះបើតាមសហព័ន្ធបាល់ទាត់អេស្ប៉ាញបានឲ្យដឹងនៅថ្ងៃពុធនេះ បន្ទាប់ពីកីឡាការិនី Alexia Putellas បានដកខ្លួនចេញពីព្រឹត្តិការណ៍នេះ ដោយសាររបួសជង្គង់។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។

ម្ចាស់ពានរង្វាន់ Ballon d'Or ផ្នែកនារី Putellas បានដាច់រហែកសរសៃពួរសាច់ដុំខាងមុខ នៅក្នុងការហ្វឹកហាត់ ដែលបានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ចំពោះក្រុមអេស្ប៉ាញ ជាក្រុមមួយក្នុងចំណោមក្រុមខ្លាំងក្នុងការឈ្នះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប ដែលមាន ១៦ក្រុមនេះ។

គោជល់អេស្ប៉ាញ ក៏មិនមានវត្តមានកីឡាការិនីដែលរកគ្រាប់បាល់បានច្រើនជាងគេ Jennifer Hermoso ផងដែរ ដោយសារនាងក៏មានរបួស។

Sarriegi ជាផ្នែកមួយនៃក្រុមនារី ២៨នាក់ជាបណ្តោះអាសន្នរបស់ក្រុមអេស្ប៉ាញ មុនពេលចំនួននោះ ត្រូវបានកាត់បន្ថយនៅត្រឹម ២៣នាក់កាលពីខែមុន។ កីឡាការិនីវ័យ ២១ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ១១គ្រាប់ ក្នុង១២ប្រកួត សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ។

សូមជម្រាបថា ព្រឹត្តិការណ៍ Euros ឆ្នាំ២០២២ បានចាប់ផ្តើមនៅយប់ថ្ងៃពុធ ជាមួយនឹងក្រុមម្ចាស់ផ្ទះអង់គ្លេស បានយកឈ្នះក្រុមភ្ញៀវស្រ្តីអូទ្រីស ក្នុងលទ្ធផល ១ទល់នឹង០ នៅទីក្រុង Manchester ស្របពេលដែលអេស្ប៉ាញ ដែលដឹកនាំដោយគ្រូបង្វឹក Jorge Vilda នឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេ ប៉ះនឹងក្រុមហ្វាំងឡង់នៅថ្ងៃសុក្រខាងមុខ៕