(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព បើកកម្មវិធីការតាំងពិព័រណ៍អប់រំ លើស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតកម្រិតឧត្តម (បរិញ្ញា+១) ជំនាន់ទី២៦ ដែលប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។

កម្មវិធីនេះក៏មានការចូលរួមពីលោក សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ គណៈគ្រប់គ្រង គ្រូឧទ្ទេស និងបុគ្គលអប់រំនៃវិទ្យាស្ថានជាតិអប់រំ និងគរុនិស្សិត ជាច្រើន រូប ផងដែរ។

ក្នុងឱកាសនោះលោក សៀង សុវណ្ណា បានថ្លែងថា ការរៀបចំឱ្យមានការតាំងពិព័រណ៍នេះ មានបំណងសំខាន់ៗដូចជា៖ ជំរុញគរុនិស្សិតឱ្យអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ តាមរយៈការផលិតសម្ភារៈឧបទេសបង្រៀន, ជំរុញគរុនិស្សិតឱ្យចេះកែលម្អវិធីសាស្ត្របង្រៀន និងរៀនដោយប្រើប្រាស់សម្ភារៈក្នុងស្រុក, លើកកម្ពស់សមត្ថភាពស្រាវជ្រាវ ដល់គរុនិស្សិត និងគ្រូឧទ្ទេសទាំងទៅលើផ្នែកចំណេះដឹង វិធីសាស្ត្របង្រៀន និងការផលិតសម្ភាររៀន និងបង្រៀន, ជំរុញឱ្យមានការប្រឡងប្រណាំងក្នុងការផលិត និងប្រើប្រាស់សម្ភារៈរៀន និងបង្រៀន, ជំរុញឱ្យគរុនិស្សិតចេះផ្សាភ្ជាប់ទ្រឹស្តី ដែលមានចែងក្នុងខ្លឹមសារមេរៀន ទៅនឹងការអនុវត្តជាក់ស្តែង, បង្កើតឱ្យមានឥរិយាបថ ចូលរួមយ៉ាងសកម្ម ក្នុងការផលិតសម្ភារៈ សម្រាប់ការរៀន និងបង្រៀន។

ជាមួយគ្នានេះ លោក សៀង វណ្ណា បានថ្លែងបន្ថែមថា សារៈសំខាន់នៃការតាំងពិព័រណ៍នេះ ការធ្វើឱ្យគរុនិស្សិតមានការយល់ដឹងពីតម្លៃ នៃការផលិតសម្ភារៈឧបទេស សម្រាប់បង្រៀន ដែលធ្វើឱ្យខ្លឹមសារមេរៀន មានលក្ខណៈងាយស្រួលយល់ និងយល់បានកាន់តែស៊ីជម្រៅជាងមុន, ធ្វើឱ្យគរុនិស្សិតមានការចាប់អារម្មណ៍ និងចូលចិត្ត នៅ ក្នុងការស្រាវជ្រាវ, ធ្វើឱ្យគរុនិស្សិតចេះសហការធ្វើការជាក្រុម បង្កើតបាននូវស្មារតីសាមគ្គីភាព យល់ដឹងពីតម្លៃសមូហភាព និងគ្មានគំនិតអាត្មានិយម, បណ្តុះគរុនិស្សិត ឱ្យមានគំនិតឆ្នៃប្រឌិតខ្ពស់ និងនវានុវត្តន៍ ឆ្លើយតបនឹងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ២០៣០- ២០៥០។

ថ្លែងនាឱកាសនោះដែរ លោក ហង់ ជួនណារ៉ុន បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំទាំងអស់ ដែលបានខិតខំបំពេញ ការងារក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈមន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ទាំងផ្នែកគរុកោសល្យ និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងគរុនិស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងស្រាវជ្រាវបង្ហាញស្នាដៃបន្ថែមលើមុខវិជ្ជាឯកទេសប្រកបដោយផ្លែផ្កា គួរជាទីមោទនៈ។

លោករដ្ឋមន្ត្រី ក៏ណែនាំដល់បុគ្គលិកអប់រំ និងគ្រូឧទ្ទេស ជាពិសេសគរុនិស្សិត ដែលនឹងក្លាយខ្លួនទៅជាគ្រូបង្រៀន កម្រិងឧត្តម ហើយចេញទៅបម្រើការងារ នៅតាមបណ្តាវិទ្យាល័យនានាទូទាំងប្រទេស សូមឱ្យខិតខំបញ្ចេញអស់ពីសមត្ថភាព ក្នុងការផ្ទេរចំណេះដឹង ជំនាញ និងបទពិសោធន៍ដល់គរុនិស្សិត ក៏ដូចជាសិស្ស ឱ្យបន្តស្រាវជ្រាវជាប្រចាំ ដើម្បីអភិវឌ្ឍន៍ចំណេះដឹង ជំនាញ ឥរិយាបទក្នុងការបង្រៀន និងរៀនប្រកបដោយប្រសិទ្ធភាព។

លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបន្ថែមថា គ្រូបង្រៀនត្រូវតែដាក់ផែនការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាប្រចាំតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់យកទៅ បង្រៀនដល់សិស្ស ដើម្បីឱ្យបានអាចរៀនបានឆាប់ចេះ ឆាប់ចាំ និងអាចក្លាយជាសិស្សពូកែ។ ជាមួយគ្នានោះគ្រូបង្រៀនយ៉ាងហោចណាស់ត្រូវចេះគុណវុឌ្ឍិ ៣ រួមមាន៖ ខ្លឹមសារមេរៀន, វិធីសាស្ត្របង្រៀន ចិត្តគរុកោសល្យ, បច្ចេកវិទ្យា ដែលនេះជាគុណវុឌ្ឍិ សំខាន់សម្រាប់គ្រូបង្រៀន៕