(បរទេស)៖ បន្ទាប់ពីការពិចារណាទៅលើការបញ្ជាទិញបន្ទះអេក្រង់អស់រយៈពេលប៉ុន្មានសប្តាហ៍មកនេះ ឥលូវមានការបញ្ជាក់បន្ថែមហើយដោយក្រុមហ៊ុន Apple បានសម្រេចជាផ្លូវការថា ខ្លួននឹងនៅតែប្រើប្រាស់បន្ទះអេក្រង់ OLED ដែលផលិតដោយក្រុមហ៊ុនចិន BOE សម្រាប់ខ្សែស្រឡាយ iPhone 14 ដែលនឹងមកដល់ឆាប់ៗនេះ។ នេះបើយោងតាមការចញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។

ជាមួយនឹងការបើកភ្លើងខៀវជាលើកទី២នេះ ក្រុមហ៊ុនផលិតបន្ទះអេក្រង់ BOE នឹងចាប់ផ្តើមការផលិតជាទ្រង់ទ្រាយធំនៅចុងខែនេះតែម្តង។ ខណៈការនាំចេញបន្ទះឈីបជាច្រើនទៅកាន់ Apple នឹងលេចចេញវត្តមាននៅក្នុងខែកញ្ញាខាងមុខនេះ ពោលគឺជាខែដែល Apple តែងតែប្រកាសស្មាតហ្វូនជំនាន់ថ្មីៗរបស់គេហ្នឹងឯង។

ក្នុងឪកាសថ្មីនេះ BOE ត្រូវបានគេរំពឹងថា នឹងផ្គត់ផ្គង់តែបន្ទះអេក្រង់ LTPS OLED ទំហំ ៦.១អ៊ីញសម្រាប់ iPhone 14 Vanilla ប៉ុណ្ណោះ។ ដោយឡែកចំនួននៃការបញ្ជាទិញសម្រាប់ iPhone 14 នេះវិញត្រូវបានគេប៉ាន់ស្មានថា Apple ទំនងជាបញ្ជាទិញបន្ទះអេក្រង់សរុបចំនួន ៩០លានបន្ទះសម្រាប់ត្រកូល iPhone 14 នៅឆ្នាំនេះ ដែលក្នុងនោះ ៦០លានបន្ទះនឹងមកពី Samsung Display, ២៥លានបន្ទះ នឹងមកពី LG Display និង ៥លានបន្ទះទៀត ត្រូវបានកម្មង់ពី BOE។

គួរបញ្ជាក់ដែរថា តួនាទីរបស់ BOE នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ iPhone 14 បានស្ថិតនៅក្នុងភាពស្រពិចស្រពិលអស់រយៈពេល ពីរបីសប្តាហ៍ហើយ បន្ទាប់ពី Apple បានរកឃើញថា BOE បានផ្លាស់ប្តូរការឌីហ្សាញមួយចំនួននៃបន្ទះអេក្រង់ iPhone 13។ ដោយមួយរយៈមកនេះបានធ្វើឱ្យក្រុមហ៊ុនផលិតអេក្រង់របស់ចិនកំពុងតែក្តៅគគុក ប៉ុន្តែមកទល់ពេលនេះ ជំនោរបានប្រែក្លាយ ហើយ BOE នឹងនៅតែបន្តផ្គត់ផ្គង់ Apple សម្រាប់ផលិតផលដែលនឹងមកដល់នាពេលខាងមុខ៕