(អាមេរិក)៖ បុរសម្នាក់រស់ក្នុងរដ្ឋ California នៅថ្ងៃទីពុធសប្តាហ៍នេះ ត្រូវបានតុលាការរកឃើញថា មានទោសពីបទមនុស្សឃាត ជុំវិញការបាញ់សម្លាប់តារាចម្រៀងរ៉េបល្បីឈ្មោះ ម្ចាស់ពានរង្វាន់ Grammy Awards លោក Nipsey Hussle កាលពីឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន International The News នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។

តុលាការកំពូលនៅ Los Angeles បានកាត់ទោស លោក Eric Ronald Holder Jr. ដែលគេសង្ស័យថា ជាឃាតករខ្មាន់កាំភ្លើងនោះ ពីបទ «មនុស្សឃាត» កម្រិតទី១ ក្នុងហេតុការណ៍បាញ់សម្លាប់តារារ៉េប Nipsey Hussle នៅក្រៅហាងលក់សម្លៀកបំពាក់របស់តារារូបនេះផ្ទាល់ នៅទីតាំងប៉ែកខាងត្បូងទីក្រុង Los Angeles កាលពីថ្ងសទី៣១ ខែមីនា ឆ្នាំ២០១៩។

តុលាការនៅទីក្រុង Los Angeles ក៏បានរកឃើញថា Eric R. Holder Jr. មានពិរុទ្ធពីបទប៉ុនប៉ងមនុស្សឃាត ទៅលើមនុស្សពីរនាក់ផ្សេងទៀតផងដែរ ខណៈតារារ៉េប Nipsey រួមនឹងជនរងគ្រោះ៣នាក់ផ្សេងទៀត កាលពីឆ្នាំនោះ ត្រូវបាន Holder បាញ់ប្រហារ និងបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែជាអកុសលតារារ៉េបរូបនេះ ស្រាប់តែដាច់ខ្យល់ស្លាប់ពេលដល់មន្ទីរពេទ្យ។

គួរជម្រាបថា ការកាត់ក្តីនេះបានឈានដល់ទីបញ្ចប់ ត្រឹមការសម្រេចរបស់តុលាការដូចខាងលើ បន្ទាប់ពីពន្យារពេលរហូតដល់៣ឆ្នាំ ទំនងជាដោយសារកូវីដ-១៩។ ងាកមកតារារ៉េប Nipsey ដែលបានបាត់បង់ជីវិតក្នុងឆ្នាំ២០១៩ ដោយសារការបាញ់ប្រហារនេះ ត្រូវបានគេដឹងថា លោកត្រូវទទួលពានរង្វាន់ Grammy Awards ចំនួន២ ក្នុងឆ្នាំ២០២០ សម្រាប់ការសម្តែងរ៉េបល្អបំផុត នៅព្រឹត្តិការណ៍ «Racks in the Middle» និងសម្រាប់ការសម្តែងរ៉េបល្អបំផុតទូទាំងពិភពលោក៕