(ភ្នំពេញ)៖ សាលា ប៊ែលធី អន្តរជាតិ នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំកម្មវិធី «ការប្រកួតជជែកដេញដោល ឆ្នាំ២០២២» (Debate Competition Program 2022) សម្រាប់សិស្សថ្នាក់១០ វគ្គជម្រុះជុំទី៣ ដែលមានក្រុមបេក្ខជន៦ក្រុម សរុបចំនួន៣០នាក់ មកពីសាខាទី១ ទី៥ ទី១០ ទី១២ ទី១៣ និងទី១៤ ចូលរួមប្រកួតប្រជែង និងទទួលបានលទ្ធផល ជោគជ័យគួរជាទីមោទនៈ ក្រោមអធិបតីភាព លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃប៊ែលធី គ្រុប បានឱ្យដឹងថា កម្មវិធីការប្រកួតជជែកដេញដោលនេះ ជាកម្មវិធីមួយក្នុងចំណោម កម្មវិធីសិក្សាបន្ថែមទាំង៩ របស់សាលា ប៊ែលធី អន្តរជាតិ ហើយក្នុងឆ្នាំសិក្សា ២០២១-២០២២នេះ គឺជារដូវកាលទី១ ដែលមានក្រុមបេក្ខជន២២ក្រុម មកពីសាខាទាំង២២ សរុបចំនួន១១០នាក់ បានចូលរួមប្រកួត។ សម្រាប់ការប្រកួតប្រជែងនេះផងដែរ ត្រូវចំណាយពេលសរុបចំនួន៤ខែ ហើយនីតិវិធី នៃការប្រកួត ត្រូវបានបែងចែកជា៥វគ្គ ដោយការប្រកួតវគ្គជម្រុះ មាន៣ជុំ ដែលវគ្គជម្រុះជុំនីមួយៗ ត្រូវចម្រាញ់យកក្រុមបេក្ខជន ឆ្នើមពីតាមសាខាទាំង២២ ដើម្បីបន្តទៅវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ដែលនឹងប្រកួត នៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២ និងវគ្គផ្តាច់ព្រ័ត្រ នៅដើមខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។

ចំពោះរង្វាន់សម្រាប់ក្រុមបេក្ខជនដែលទទួលបានជ័យលាភី មានដូចតទៅ៖

*ជ័យលាភីលេខ១ ទទួលបានពាន១ មេដាយមាស លិខិតសរសើរ អាហារូបករណ៍ ៣ឆមាស ថវិកាចំនួន៣,០០០,០០០រៀល និងដំណើរកម្សាន្ត ទៅកាន់តំបន់ទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
*ជ័យលាភីលេខ២ ទទួលមេដាយប្រាក់ លិខិតសរសើរ អាហារូបករណ៍ ២ឆមាស ថវិកាចំនួន ១,៥០០,០០០រៀល
*ជ័យលាភីលេខ៣ស្ទួន ទទួលបានមេដាយសំរឹទ្ធ លិខិតសរសើរ អាហារូបករណ៍ ១ឆមាស ថវិកាចំនួន ៥០០,០០០រៀល ក្នុង១ក្រុម។

ក្នុងឱកាសនោះដែរ លោក លី ប៊ុនឆៃ បានកោតសរសើរដល់ក្រុម បេក្ខជនទាំងអស់ ដែលបានខិតខំប្រឹងប្រែង សិក្សាស្រាវជ្រាវរិះរកឯកសារ ពាក់ព័ន្ធទាំងឡាយ ដើម្បីជាជំនួយ ក្នុងការបកស្រាយទឡ្ហីករណ៍នីមួយៗ បានយ៉ាងក្បោះក្រាយ និងទំនុកចិត្តខ្ពស់។ ជាពិសេស លោកបានសម្តែងនូវការអបអរសាទរ និង ជំរុញដល់ក្រុមដែលបានជាប់ក្នុងវគ្គនេះឲ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលជ័យលាភីជាទីគាប់ចិត្ត ក្នុងការប្រកួតវគ្គបន្តបន្ទាប់នាពេលខាងមុខ។

លោកក៏បានលើកទឹកចិត្ត ដល់ក្រុមបេក្ខជន ដែលមិនបានបន្តទៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សូមកុំអស់សង្ឃឹម គឺត្រូវបំពេញនូវចំណុចខ្វះខាត និងខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមប្រកួតនាឆ្នាំក្រោយៗទៀត។ ជាមួយគ្នានេះដែរ លោកក៏បានជម្រាបជូនអំពីគោល បំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីពង្រឹងសមត្ថភាពជំនាញ នៃការត្រិះរិះពិចារណា តាមរយៈការជជែក ដេញដោល ក្នុងការរួមចំណែកដោះស្រាយ បញ្ហាផ្សេងៗដែលពួកគេបានជួបប្រទះ ព្រមទាំងកសាងសមត្ថភាពសិស្សឱ្យមានភាពក្លាហាន ប្រកបដោយភាពឈ្លាសវៃ ក្នុងការបញ្ចេញមតិ និងផ្តល់ឱកាសដល់សិស្សានុសិស្សផ្នែកចំណេះទូទៅ ក្នុងការបញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យ ជាសាធារណៈ។

ជាទីបញ្ចប់លោក លី ប៊ុនឆៃ បានថ្លែងអំណរគុណ ចំពោះគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈកម្មការរៀបចំការប្រកួត និងគណៈកម្មការ ផ្តល់ពិន្ទុ ដែលចំណាយពេលដ៏មានតម្លៃ រៀបចំ កម្មវិធីនេះប្រព្រឹត្ត ទៅបានយ៉ាងរលូនថត ហើយលោក ក៏បានចូលរួមថតរូបអនុស្សាវរីយ៍ ជាមួយក្រុមបេក្ខជនទាំង៦ក្រុម លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំ និងគណៈកម្មការរៀបចំ ការប្រកួត ព្រមទាំងគណៈកម្មការផ្តល់ពិន្ទុផងដែរ៕