(កូរ៉េ)៖ ក្រុមអ្នកតស៊ូមតិដើម្បីជនពិការ និងគណៈកម្មការសិទ្ធិមនុស្ស របស់កូរ៉េខាងត្បូង នៅថ្ងៃព្រហ្បត្តិ៍សប្តាហ៍នេះ បានដាក់ញាត្តិប្រឆាំងនឹងខ្សែភាពយន្តដ៏ល្បីមួយចំណងជើងថា «The Roundup» ចូលរួមសម្តែងដោយ Ma Dong Seok ដែលទស្សនិកជនខ្មែរស្គាល់ថា «ប្រូម៉ាប់» ដោយអះអាងថា ភាពយន្តមួយនេះ លើកកម្ពស់ការស្អប់ខ្ពើម និងការរើសអើងចំពោះអ្នកមានជំងឺផ្លូវចិត្ត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yonhap នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។

សមាគមសម្រាប់អ្នកមានជំងឺផ្លូវចិត្តរបស់កូរ៉េ និងវិទ្យាស្ថានស្រាវជ្រាវសិទ្ធិ និងផលប្រយោជន៍ជនពិការបាននិយាយថា ឈុតជាច្រើននៃរឿងភាគ «The Outlaws ឬ The Roundup» ក្នុងឆ្នាំ២០១៧ បាន ពិពណ៌នាមនុស្សដែលមានបញ្ហាផ្លូវចិត្តថា ជាឧក្រិដ្ឋជន។ ក្រុមនេះបានទាមទារឲ្យផ្អាក ការចាក់បញ្ចាំងភាពយន្ត និងស្នើឲ្យផលិតករធ្វើការសុំទោសផងដែរ។ ក្រុមនេះបានរិះគន់ខ្សែភាពយន្តនេះថា បានពិពណ៌នាអំពីជនពិការផ្លូវចិត្ត (អ្នកមានជំងឺផ្លូវចិត្ត) ថាមិនអាចទាយទុកជាមុនបាន និងហិង្សា ឬផ្សព្វផ្សាយការយល់ឃើញអវិជ្ជមានអំពីជំងឺផ្លូវចិត្ត។

គួរជម្រាបថា ភាពយន្តខាងលើ គឺមានការចូលរួមសម្តែងពីសំណាក់តារាល្បីរបស់កូរ៉េ គឺលោក Ma Dong-seok ដែលទស្សនិកជនខ្មែរស្គាល់ថា «ប្រូម៉ាប់» ហើយរឿងនេះបាននិងកំពុងបំបែកកំណត់ត្រា ក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ការរកចំណូលបានច្រើន នៅក្នុងសម័យនៃជំងឺរាតត្បាតកូរ៉េ-១៩ ។ ភាពយន្តនេះ បានឡើងដល់កំពូល មានអ្នកចូលទស្សនាចំនួន១០លាននាក់ នៅក្នុងរោងភាពយន្តក្នុងស្រុក ក្នុងខែមិថុនា កន្លងទៅនេះ៕