(ឡុងដ៏)៖ ក្លិប Leeds United បានសម្រេចជាផ្លូវការនៃកិច្ចព្រមព្រៀងទិញខ្សែបម្រើ Tyler Adams ផ្ទេរពីក្លិប RB Leipzig ក្នុងតម្លៃ ២០លានផោនដែលមានកិច្ចសន្យា ៥ឆ្នាំនាកីឡដ្ឋាន Elland Road ស្ថិតក្នុងលីគអង់គ្លេស Premier League។

ខ្សែបម្រើវ័យ ២៣ឆ្នាំ Tyler បច្ចុប្បន្នជាកីឡាករជម្រើសជាតិអាមេរិក បង្ហាញខ្លួនបាន ៣០ប្រកួត និងរកបាន ១គ្រាប់ ខណៈលេងបាន ១០៣ប្រកួតរកបាន ២គ្រាប់ជាមួយក្រុម RB Leipzig ដែលរូបគេជាសមាជិកថ្មីទី៥ របស់ Leeds United ហើយពួកគេក៏កំពុងនាំយកខ្សែប្រយុទ្ធ Luis Sinisterra ពីក្លិប Feyenood ម្នាក់ទៀតផងដែរ។

Tyler ក៏បានរួមចំណែកជួយក្លិប RB Leipzig ឈ្នះពាន German Cup 2021-22 ហើយក៏ត្រូវបានគេរំពឹងថា នឹងក្លាយជាសមាជិកថ្មីដែលចូលមកជំនួសកន្លែង Kalvin Phillips ដែលផ្ទេរទៅ Man City ក្នុងតម្លៃ ៤៥លានផោន នៃការត្រៀមរដូវកាល២០២២-២៣។

Tyler ក៏នឹងអាចត្រូវបានបញ្ចូលក្នុងក្រុម Leeds នៃការប្រកួតមិត្តភាពជាមួយក្លិប Blackpool ក្នុងការត្រៀមរដូវកាលថ្មី ដ្បិតរដូវកាលមុនបានបញ្ចប់ត្រឹមលេខរៀងទី១៧ ក្បែរតំបន់កាត់ចេញពីលីគ៕