(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ បានប្រកាសបើកសម្ពោធសាខាបន្ថែមមួយទៀត នៅខណ្ឌទួលគោក ក្នុងសង្កាត់បឹងកក់ទី១ នៅជាន់ផ្ទាល់ដីនៃអគារ ធីខេ ស្តារ អ៊ីធើណេសិនណល ដែលធ្វើឱ្យសាខារបស់ធនាគារនេះកើនឡើងដល់៣៣ទីតាំង ដើម្បីបម្រើសេវាកម្មធនាគារ ជូនអតិថិជនរបស់ខ្លួនស្របនឹងវិស័យធនាគារ នៅក្នុងប្រទេសកម្ពុជា បាននិងកំពុងបន្តរីកចម្រើនទាំងផលបត្រឥណទាន និងប្រាក់បញ្ញើ។

ពិធីបើកសម្ពោធជាផ្លូវការនេះ ត្រូវបានប្រារព្ធឡើងក្រោមវត្តមាន លោក រ័ត្ន សុវណ្ណានរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា គណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ ព្រីនស៍ ដៃគូពាណិជ្ជកម្ម និងអតិថិជនវីអាយភី។

លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានថ្លែង ការបើកដំណើរការសាខាថ្មីមួយទៀតនេះ នឹងជំរុញការផ្តល់សេវាទៅកាន់អតិថិជនកាន់តែល្អជាងមុន និងបំពេញនូវរាល់ប្រតិបត្តិការធនាគារមូលដ្ឋាន និងតម្រូវការជាក់លាក់របស់អតិថិជន ដោយផ្តល់ជូននូវវិសាលគមនៃផលិតផលធនាគារ និងសេវាកម្មហិរញ្ញវត្ថុទាំងមូលដែលគ្របដណ្តប់លើសេវាធនាគារបុគ្គល សេវាធនាគារអាជីវកម្ម និងសេវាធនាគារអាទិភាព។

លោកបន្តថា «គិតមកដល់ពេលនេះ ធនាគារ ព្រីនស៍ ម.ក បានផ្តល់សេវាកម្មជូនប្រជាជនកម្ពុជា និងដំណើរការអស់ រយៈពេលជិត ៤ឆ្នាំមកហើយ ដែលយើងបានសម្រេចនូវសមិទ្ធិផលជាច្រើន។ កាលពីឆ្នាំ២០១៨ យើងមានសាខាចំនួនត្រឹមតែ ០៩ទីតាំងតែប៉ុណ្ណោះ ហើយថ្ងៃនេះ យើងនៅទីនេះប្រកាស និងប្រារព្ធពិធីសម្ពោធជាផ្លូវការនូវធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌទួលគោក ដែលជាសាខាទី៣៣ របស់យើង។ សាខាធនាគារនៅពេលបច្ចុប្បន្ន មានភាពខុសគ្នាពីសម័យមុន ដោយសារតែភាពជឿនលឿននៃបច្ចេកវិទ្យា ជាមួយនឹងការប្រើប្រាស់កម្មវិធីសេវាធនាគារតាមទូរស័ព្ទ សេវាធនាគារតាមអ៊ីនធើណិត និងម៉ាស៊ីនអេធីអឹម តួនាទីរបស់សាខាធនាគារបានវិវត្តទៅជាកន្លែងដែលភ្ជាប់ទំនាក់ទំនងរវាងមនុស្សក្នុងពេលធ្វើប្រតិបត្តិការធនាគារ។ ក្រៅពីការធ្វើប្រតិបត្តិការធនាគារ សាខាធនាគារនឹងដើរតួនាទីកាន់តែសំខាន់ក្នុងការបម្រើសេវាកម្មផ្សេងៗ ដូចជាសេវាធនាគារអាទិភាព ការដាក់ពង្រាយបុគ្គលិកជំនាញសម្រាប់ផលិតផលដែលមានភាពស្មុគស្មាញ ដូចជា ផលិតផលប៊េងកាសូរេន ការទាក់ទងនឹងការចូលរួមនៃម៉ាកយីហោ (Brand Engagement) ដែលម៉ាកយីហោមានភាពរស់រវើក និងជាកន្លែងសម្រាប់ទំនាក់ទំនង ដោយផ្ទាល់រវាងមនុស្សនៅក្នុង សហគមន៍មូលដ្ឋាន។ ដូច្នេះហើយ បើទោះបីជាយើងអាចសម្របខ្លួនបានយ៉ាងរហ័សទៅនឹងប្រព័ន្ធធនាគារឌីជីថលអនឡាញក៏ដោយ ក៏យើងនៅតែមានតម្រូវការចាំបាច់ក្នុងការមកកាន់សាខាធនាគារដោយផ្ទាល់ផងដែរ»

លោករ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធសាខាធនាគារព្រីននេះ ថា គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកំណើនសេដ្ឋកិច្ចកម្ពុជា។ គិតត្រឹមដំណាច់ខែឧសភា ២០២២នេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានបន្តចូលរួមលើកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ដោយឆ្លុះបញ្ចាំងតាមរយៈការកើនឡើងចំនួនគណនីប្រាក់បញ្ញើចំនួន១៣,៦៥លានគណនីជាមួយនឹងទំហំប្រាក់បញ្ញើចំនួន៤១,៣៣លានដុល្លារអាមេរិក។ សម្រាប់គណនីឥណទានអតិថិជនវិញបានកើនឡើងដល់ចំនួន៣,៥៧លានគណនី និងមានទឹកប្រាក់សរុប៥០,៦៦ពាន់លានដុល្លារអាមេរិក។

លោកបានមានប្រសាសន៍បន្តថា «អបអរសាទរ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំធនាគារ ព្រីនស៍ ម.ក ជាពិសេស ការបេ្តជ្ញាគាំទ្ររបស់ភាគទុនិក ក្នុងការពង្រីកបណ្តាញប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ជាបន្តបន្ទាប់។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ធនាគារ ព្រីនស៍ ម.ក នឹងនាំមកនូវបច្ចេកវិទ្យាទំនើបៗ និងផលិតផលសេវាហិរញ្ញវត្ថុថ្មីៗ ឱ្យកាន់តែសម្បូរបែប ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត និងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាបន្ថែមទៀត»

ក្នុងពេលបច្ចុប្បន្នធនាគារ ព្រីនស៍មានសាខាសរុបចំនួន៣៣ សាលរង់ចាំសេវាធនាគារអាទិភាពមានចំនួន០៤ទីតាំង និងម៉ាស៊ីនអេធីអឹមមានចំនួន៨២ទីតាំង នៅក្នុងទូទាំងប្រទេសកម្ពុជា។ នៅពាក់កណ្តាលឆ្នាំកន្លងទៅនេះ ធនាគារ ព្រីនស៍ បានដាក់ដំណើរការផលិតផល និងសេវាកម្មថ្មីៗសំខាន់ៗជាច្រើនសម្រាប់អតិថិជន ដែលរួមមាន ផលិតផលប៊េងកាសូរេន ជាមួយក្រុមហ៊ុនធានារ៉ាប់រង អេអាយអេ ប័ណ្ណឥណទានអន្តរជាតិ UnionPay សេវាផ្ទេរប្រាក់ Ria និងការទូទាត់ប្រាក់ឆ្លងធនាគារតាមរយៈKHQR ព្រមទាំងផលិតផល និងសេវាកម្មជាច្រើនទៀត។

សម្រាប់ការបើកសម្ពោធសាខាថ្មី ធនាគារ ព្រីនស៍ បានដាក់ដំណើរការនូវការផ្តល់ជូនពិសេសចំនួនបីផ្សេងគ្នា ស្របតាមប្រភេទអតិថិជន៖ អតិថិជនបុគ្គល អតិថិជនអាជីវកម្ម និងអតិថិជនសេវាធនាគារអាទិភាព។ សម្រាប់អតិថិជនថ្មីដែលបើកគណនីនៅធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌទួលគោក-សង្កាត់បឹងកក់ទី១ នឹងទទួលបានអត្ថប្រយោជន៍ និងឯកសិទ្ធិភាពជាច្រើនដូចជា ពិន្ទុរង្វាន់ព្រីនស៍ ប្រាក់ត្រឡប់ សំបុត្រកុន កូប៉ុង និងរង្វាន់ជាច្រើនផ្សេងទៀត អាស្រ័យលើប្រភេទគណនីដែលអតិថិជនជ្រើសរើស៕