(មែនឆេស្ទើ)៖ ប្រធានក្លិប FC Barcelona លោក Joan Laporta បានលើកឡើងថា ខ្សែបម្រើ Frenkie de Jong មិនមែនកីឡាករដែលត្រូវលក់ចេញនោះទេ បើទោះបីជាក្លិប Manchester United មានកិច្ចព្រមព្រៀងធំធេងយ៉ាងណាក៏ដោយ ដែលធ្លាប់បានផ្តល់តម្លៃផ្ទេរ ៥៦លានផោនបូកប្រាក់បន្ថែម ក្នុងរយៈពេលថ្មីៗនេះ។

កាលពីសប្តាហ៍មុនក្លិបអង់គ្លេស Man United បានបង្ហាញតម្លៃ ៥៦លានផោនក្នុងកិច្ចសន្យាទិញចំពោះខ្សែបម្រើ De Jong ប៉ុន្តែក្លិបអេស្ប៉ាញ Barca បដិសេធ ដ្បិតខ្សែបម្រើអន្តរជាតិហូឡង់រូបនេះ បានផ្ទេរពីក្លិប Ajax ទៅកាន់ Barca ក្នុងតម្លៃជាង ៦៥លានផោនដែលមានកិច្ចសន្យា ៥ឆ្នាំ។

បើសិនជាការផ្ទេរកើតឡើងមែន នោះកីឡាករ De Jong នឹងបានជួបជុំជាថ្មីម្តងទៀត ជាមួយអតីតគ្រូបង្វឹក លោក Erik ten Hag ដែលកំពុងទទួលការដឹកនាំក្រុម Man United ដ្បិតប្រធានក្លិប Barca បន្ថែមថា «យើងដឹងថា De Jong នឹងមានការផ្តល់ជូន ប្រសិនពេលណាមួយយើងចាប់អារម្មណ៍ ប៉ុន្តែឥឡូវនេះ យើងមិនលក់កីឡាករនេះនោះទេ»

នាពេលថ្មីៗនេះដែរ របាយការណ៍ចចាមអារាម បានបង្ហាញថា ក្លិប Man United មានការចាប់អារម្មណ៍ទៅកាន់កីឡាករ Antony របស់កិ្លប Ajax ដែលហ៊ានផ្តល់តម្លៃប្រមាណ ៥១លានផោន៕