(ភ្នំពេញ)៖ សិស្សានុសិស្ស នៃវិទ្យាល័យបាក់ទូក បានសម្ដែងសេចក្ដីរីករាយ ក្រោយទទួលបានចំណេះដឹងទូទៅ អំពីចលនាអូឡាំពិក ពិសេសពាក់ព័ន្ធដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

នេះបើតាមការបញ្ជាក់របស់កញ្ញា ពៅ ស្រីរ័ត្ន បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចុះរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ “Olympic Value and Education” និងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅសាលារបស់ខ្លួន កាលពីថ្ងៃទី០៦ ខែកក្កដាម្សិលមិញ ។

សិស្សថ្នាក់ទី៨ ខាងលើ បានគូសបញ្ជាក់ថា «ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលបានចូលរួមកម្មវិធីនេះ ហើយបានឆ្លើយនូវសំណួរមួយចំនួន ធ្វើឲ្យនាងខ្ញុំបានស្វែងយល់ច្រើនពីចលនាអូឡាំពិក ពិសេសខ្ញុំដឹងព័ត៌មានថ្មីៗបន្ថែម ពាក់ព័ន្ធស៊ីហ្គេមនៅកម្ពុជា ។ ខ្ញុំត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមអបអរសាទរការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ»

លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC បានបញ្ជាក់ថា នេះជាកម្មវិធីប្រចាំឆ្នាំ ដើម្បីបញ្រ្ជាបចំណេះដឹងដល់សិស្សានុសិស្សឲ្យបានស្វែងយល់ពីគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយឲ្យមានការចូលរួមគាំទ្រដល់ដំណើរការស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ កម្មវិធីនេះ បានផ្ដោតលើយុទ្ធនាការសំខាន់ៗ ដូចជា កម្ពុជាស្អាត ប្រជាជនម្នាក់លេងកីឡា ១មុខ កាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយគ្រឿងញៀនជាដើម។

តាមការកត់សម្គាល់ ក្នុងនាមគ្រូឧទ្ទេសផង លោកបានសង្កេតឃើញ សិស្សានុសិស្សដែលចូលរួមបានស្វែងយល់ពីគុណតម្លៃអូឡាំពិក ការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក និងប្រវត្តិកីឡាអូឡាំពិកសម័យបុរាណ និងសម័យទំនើប ពិសេសបានយល់ដឹងច្រើនពីដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។ តាមរយៈនេះ ក្រុមការងារ NOCC ប្តេជ្ញានឹងបន្តការផ្សព្វផ្សាយយុទ្ធនាការនេះឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ដល់សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋទូទាំងប្រទេស រហូតដល់ឆ្នាំ២០២៣៕