(អាមេរិក)៖ តារារ៉េបអាមេរិកល្បីឈ្មោះលោក Kanye West ត្រូវបានក្រុមហ៊ុនសម្លៀកបំពាក់ David Casavant Archive ប្តឹងទាមទារសំណងរហូតដល់ ៤១៦,០០០ដុល្លារ ដោយបានចោទប្រកាន់តារារូបនេះថា មិនព្រមសងត្រឡប់មកវិញ នូវថ្លែសម្លៀកបំពាក់ដែលបានជួល កាលពីអំឡុងខែមីនាកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន International The News នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

តាមប្រភពបានឲ្យដឹងថា តារារ៉េប Kanye West មិនបានសងថ្លៃសម្លៀកបំពាក់ ដែលបានជួលនៅអំឡុងខែមីនា ចំនួន១៣កំប្លេ ក្នុងចំណោម ៤៩កំប្លេ ត្រឡប់ទៅវិញ។ យ៉ាងណាមិញ ប្រភពពីគេហទំព័រ TMZ បានរាយការណ៍ថា អ្នករចនាម៉ូតសម្លៀកបំពាក់ វ័យ៣១ឆ្នាំ បានដាក់ពាក្យប្តឹងតារា Hip Hop រូបនេះ ទាមទារប្រាក់ចំនួន ២២១,០០០ដុល្លារ សម្រាប់ការមិនសងថ្លៃជួលសម្លៀកបំពាក់ និងទាមទារប្រាក់ ១៩៥,០០០ដុល្លារ ចំពោះការមិនឲ្យសម្លៀកបំពាក់ ដែលបានជួលត្រឡប់ទៅក្រុមហ៊ុនវិញចំនួន ១៣កំប្លេ។

គួរជម្រាបថា តារារ៉េប West ត្រូវបានរាយការណ៍ថា បានធ្វើការជាមួយអ្នករចនាម៉ូតខាងលើ តាំងពីឆ្នាំ២០១៤មកម្ល៉េះ។ ថ្មីៗនេះ តារារ៉េបរូបនេះបានបង្ហាញខ្លួនជាថ្មីក្នុងក្រសែភ្នែកសាធារណៈ ដើម្បីផ្តល់កិត្តិយសដល់ Sean 'Diddy' Combs នៅកម្មវិធី BET Awards ក្នុងទីក្រុង Los Angeles នៅថ្ងៃទី២៦ ខែមិថុនា កន្លងទៅនេះ។ តារារ៉េបរូបនេះ ក៏ត្រូវបានគេរាប់បញ្ចូលក្នុងនាម ជាតារាដែលមានប្រាក់ច្រើនជាងគេផងដែរ ខណៈបច្ចុប្បន្នប្រាក់សុទ្ធសរុបដែលលោកមាន គឺរហូតដល់ខ្ទង់ ២ពាន់លានដុល្លារអាមេរិក៕