(ភ្នំពេញ)៖ កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា ២រូប រួមមានកីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា កាលពីយប់រំលងអាធ្រាតុឈានដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមការប្រកួតកីឡាពិភពលោក The World Games 2022 នៅទីក្រុង Birmingham នៃរដ្ឋ Alabama ដែលបានប្រារព្ធពិធីបើកការប្រកួតកាលពីម្សិលមិញ ហើយគ្រោងនឹងបញ្ចប់នាថ្ងៃទី១៧ ខែកក្កដាខាងមុខ។

បេសកកម្មនេះ ដឹកនាំដោយកញ្ញា គិន សំណាង អគ្គលេខាធិការរងសហព័ន្ធកីឡាប៉េតង់កម្ពុជា។ ចំពោះកីឡាការិនីឆ្នើមកម្ពុជាទាំង ២រូប នឹងត្រូវធ្វើការប្រកួត ២វិញ្ញាសា រួមមានវិញ្ញាសាវាយគូនារី ២នាក់ ទល់ ២នាក់ និងវិញ្ញាសាវាយយកពិន្ទុ ។ អគ្គលេខាធិការរងសហព័ន្ធដដែល មានសុទិដ្ឋិនិយមថា ការប្រកួតនេះ ក្រុមកីឡាការិនីកម្ពុជា នឹងទទួលបានលទ្ធផលល្អ បន្ទាប់ពីសហព័ន្ធបានសម្រិតសម្រាំងសុទ្ធតែកីឡាការិនីលេចធ្លោរ មានបទពិសោធន៍ប្រកួតញឹកញាប់លើឆាកអន្ដរជាតិ និងធ្លាប់ឈ្នះមេដាយមាសពិភពលោកទៀតផង។

មុនចាកចេញពីមាតុភូមិ កីឡាការិនី អ៊ុន ស្រីយ៉ា បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមការប្រកួតដ៏ធំ នៅអាមេរិក បន្ទាប់ពីខ្លួនបានខិតខំប្រឹងប្រែងហ្វឹកហាត់ ក៏ដូចជាពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែម ក្រោយបញ្ចប់យុទ្ធនាការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។ ម្ចាស់មេដាយមាសស៊ីហ្គេម លើវិញ្ញាសាក្រុមនារី ៣នាក់ ទល់ ៣នាក់រូបនេះ បានប្ដេជ្ញានឹងធ្វើឲ្យបានល្អបំផុត ក្នុងព្រឹត្តិការណ៍ The World Games 2022 ដើម្បីដណ្ដើមលទ្ធផលល្អ និងនាំមកនូវកិត្តិយសជូនជាតិ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ The World Games 2022 ម្ចាស់ផ្ទះបានកំណត់កីឡាចំនួន ៣០ប្រភេទ ដើម្បីរៀបចំការប្រកួតលើ ៥៤វិញ្ញាសា ក្នុងនោះក៏មានវត្តមានកីឡាការិនីប៉េតង់កម្ពុជា ២រូបផងដែរ ។ សម្រាប់កីឡាការិនី អ៊ុក ស្រីមុំ គឺជាម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០២១ មុនទទួលបានមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ កាលពីថ្មីៗ លើវិញ្ញាសាវាយយកពិន្ទុ ។ រីឯកីឡាការិនី អ៊ុន ស្រីយ៉ា គឺជាម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣១ លើវិញ្ញាសាក្រុមនារី ៣នាក់ ទល់ ៣នាក់៕