(ភ្នំពេញ)៖ លោក ប៊ុយ សុភ័ណ្ធ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានលើកឡើងថា មានសិស្សានុសិស្សភាគច្រើន បានយល់ដឹងពីព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ការគូសបញ្ជាក់បែបនេះ បន្ទាប់ពី NOCC បានពង្រីកការផ្សព្វផ្សាយ ស្ដីពីចលនាអូឡាំពិកផង និងផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផង តាមសាលាជាច្រើននាពេលកន្លងមក ជាក់ស្ដែងនៅថ្ងៃទី០៧ ខែកក្កដាម្សិលមិញ អង្គភាពកីឡាមួយនេះ ក៏បានបញ្ជាប់ពីយុទ្ធនាការនេះ ដល់សិស្សានុសិស្សប្រមាណ ៥០នាក់ទៀត នៅវិទ្យាល័យទួលស្វាយព្រៃផងដែរ ។

គ្រូឧទ្ទេសប្រចាំវគ្គដដែល បានពន្យល់ថា ការរៀបចំកម្មវិធី ដើម្បីបញ្ជ្រាបការអប់រំចលនាអូឡាំពិក និងផ្សព្វផ្សាយព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជាខាងលើ ពិតជាទទួលបានផ្លែផ្លា ដែលមិនត្រឹមធ្វើឲ្យសិស្សានុសិស្សបានយល់ដឹងពីអត្ថប្រយោជន៍នៃការលេងកីឡា និងប្រវត្តិផ្សេងៗ ពាក់ព័ន្ធនឹងកីឡានោះទេ ថែមទាំងបណ្ដុះស្មារតីឲ្យពួកគេបានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទៀតផង ។

លោក កើត ស្រួច នាយរងវិទ្យាល័យទួលស្វាយព្រៃ បានសម្ដែងនូវសេចក្ដីរីករាយ បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកម្មវិធីខាងលើ នៅវិទ្យាល័យរបស់ខ្លួន ក៏ដូចជាចែករំលែកចំណេះដឹងពីគុណតម្លៃនៃកីឡាដល់សិស្សានុសិស្ស ដើម្បីចូលរួមគាំទ្រដំណើរឆ្ពោះទៅឆ្នាំ២០២៣ ។ លោកបានប្ដេជ្ញានឹងចូលរួម ក៏ដូចជាផ្សព្វផ្សាយឲ្យមានការចូលរួមបន្ថែមទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ដែលកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ៕