(ភ្នំពេញ)៖ សមាគមកីឡាបាល់ទាត់អាស៉ីអាគ្នេយ៍ (AFF) តាមរយៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសរសេរលិខិតសុំទោសចំពោះអ្នកគាំទ្រ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លើករណី U19 កម្ពុជា ទាត់ចូលសំណាញ់ទី U19 ឡាវ ប៉ុន្តែអាជ្ញាកណ្តាលថាមិនចូលទៅវិញ ដែលបានធ្វើឡើងនៅយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៉ី។

នេះបើយោងតាមលិខិតសុំទោស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។ លិខិតសុំទោសរបស់ AFF បានធ្វើឡើងបន្ទាប់ពី FFC ផ្ញើលិខិតឲ្យ AFF ពិនិត្យអំពីគ្រាប់បាល់ដែលបដិសេធដោយអាជ្ញាកណ្តាល សម្រាប់ការប្រកួតបាល់ទាត់ផ្នែកបុរស អាយុក្រោម ១៩ឆ្នាំ រវាងកម្ពុជានិងឡាវ។

លិខិតសុំទោសរបស់ AFF មានខ្លឹមសាទាំងស្រុងដូចខាងក្រោមនេះ៖

គួរឲ្យសោកស្ដាយ ដែលគ្រាប់បាល់មិនត្រូវបានផ្តល់ឲ្យក្រុមកម្ពុជា។ យើងក៏ដឹងផងដែរ អំពីការខកចិត្តរបស់អ្នកគាំទ្រដែលស្រលាញ់ក្រុមរបស់អ្នក ហើយយើងក៏សូមកោតសរសើរ ចំពោះការគាំទ្រឥតឈប់ឈររបស់ពួកគេ។

យើងសូមថ្លែងអំណរគុណ ដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដែលបានសរសេរមកពួកយើងអំពីបញ្ហានេះ ដោយសារយើងស្វាគមន៍មតិរិះគន់ និងការតវ៉ាពីសមាគមសមាជិករបស់យើង ដែលនឹងអនុញ្ញាតឱ្យយើង លើកកម្ពស់គុណភាពនៃការប្រកួតរបស់យើង។

យើងសូមធានាចំពោះអ្នក និង FFC ថា ជាមួយនឹងការយល់ដឹង និងការគាំទ្ររបស់អ្នក យើងនឹងបន្តការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ដើម្បីបង្កើនគុណភាពនៃការប្រកួត រួមទាំងមន្ត្រីនៃការប្រកួតផងដែរ។

ជាថ្មីម្តង ទៀតយើងសូមអរគុណអ្នក សម្រាប់ការចែករំលែក ជាមួយយើងនូវកង្វល់របស់អ្នក។

បន្ទាប់ពីត្រូវឡាវ នាំមុខ ២គ្រាប់ នៅវគ្គទី១ ក្រុមគោព្រៃជំទង់កម្ពុជា បានព្យាយាមវាយបកមកវិញ នៅវគ្គទី២ ពិសេសអ្វីដែលធ្វើឲ្យអ្នកគាំទ្រមានការសោកស្ដាយ និងមានការមិនពេញចិត្ត ចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលនោះ គឺនៅនាទី៧៧ បន្ទាប់ពីកីឡាករ ឆាន់ ប៊ុនមី ទាត់បាល់ពីចម្ងាយ ប៉ះរបាទីក្រឡកចូលសំណាញ់ទីរបស់ U19 ឡាវ តែអាជ្ញាកណ្ដាលមិនអើពើ ផ្ដល់បាល់នោះមកឲ្យក្រុម U19 កម្ពុជាឡើយ។ បន្ទាប់មក ទើបកីឡាករ សុវណ្ណ ដូណា រកបាន ១គ្រាប់នៅចុងម៉ោង។

ជាមួយលទ្ធផលបរាជ័យ ២-១ នេះ បានធ្វើឲ្យក្រុម U19 កម្ពុជា កាន់តែខើចឱកាសប្រជែងកៅអីវគ្គបន្ដ ដ្បិតនៅសល់ ១ប្រកួតប៉ុណ្ណោះ ដោយត្រូវជួប U19 ទីម័រខាងកើត នាថ្ងៃទី១១ ខែកក្កដាខាងមុខ៕

ខាងក្រោមនេះ ជាលិខិតសុំទោស៖