(ភ្នំពេញ)៖ លោកមេធាវី ឡុង សុធា តំណាងឱ្យក្រុមហ៊ុន លីហួរ គ្រុប បានប្រកាសចាត់វិធានការចំពោះ អ្នករំលោភកម្មសិទ្ធិបញ្ញា ប្រើប្រាស់និមិត្តសញ្ញា និងស្លាកយីហោរបស់ខ្លួន យកទៅធ្វើអាជីវកម្ម និងផ្សព្វផ្សាយលក់ផលិតផល។
តាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន លីហួរ គ្រុប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា កន្លងមកមានមនុស្សមួយក្រុម បានធ្វើអាជីវកម្មលើកស្លាកក្រុមហ៊ុន អចលនទ្រព្យ លក់ផលិតផលសាប៊ូ ថ្នាំលាបសក់ ព្រមទាំងអាជីវកម្មផ្សេងៗទៀត ដោយប្រើប្រាស់និមិត្តសញ្ញា និងស្លាកយីហោ មានឈ្មោះថា ក្រុមហ៊ុន លី ហួរ អចលនទ្រព្យ, ក្រុមហ៊ុន លី ហួរ Co.,Ltd តំណាងធំ ក្រុមហ៊ុន លី ហួរ Co.,Ltd និងឈ្មោះប្រហាក់ប្រហែលផ្សេងៗទៀត ដែលអាជីវកម្មទាំងនេះ មិនមែនជាអាជីវកម្ម របស់ក្រុមហ៊ុន លី ហួរ គ្រុប ឬក្រុមគ្រួសារអ្នកឧកញ៉ា លី ហូរ នោះឡើយ។
ហេតុដូច្នេះ ករណីមានការប្រើប្រាស់ផលិតផល ឬទទួលសេវាកម្មផ្សេងៗដែលបង្កឡើងដោយក្រុមទាំងនេះ គឺមិនមានជាប់ពាក់ព័ន្ធនឹង ក្រុមហ៊ុន លី ហួរ គ្រុប ឬក្រុមគ្រួសាររបស់អ្នកឧកញ៉ា លី ហួរ នោះទេ ដែលករណីខាងលើ ក្រុមហ៊ុន លី ហួរ គ្រុប បាន ចាត់ការតាមផ្លូវច្បាប់ផងដែរ ដោយសារតែនេះជាអំពើល្មើសកម្មសិទ្ធិបញ្ញាលើក្រុមហ៊ុន លី ហួរ គ្រុប។
ព័ត៌មានលម្អិត មានក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖