(ភ្នំពេញ)៖ សមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជា សហការជាមួយការិយាល័យតំណាងក្រុមហ៊ុន ស៊ែវីយេ អន្តរជាតិ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាស្តីពីការធ្វើបច្ចុប្បន្នភាពនៃការគ្រប់គ្រងអ្នកជំងឺទឹកនោមផ្អែម ប្រភេទទី២ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ផូគីត្រា ដោយមានការចូលរួមពី ក្រុមវេជ្ជបណ្ឌិត និងអ្នកជំនាញជាច្រើនរូបផងដែរ។
លើកឡើងនាឱកាសនោះ លោកសាស្ត្រាចារ្យមហាបរិញ្ញាវេជ្ជបណ្ឌិត កុយ វ៉ាន់នី ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជា បានថ្លែងថា « នៅក្នុង ប្រទេសកម្ពុជា បើតាមតួលេខរបស់អ្នកជំនាញអង្គការអន្តជាតិពិភពលោក គិតត្រឹមឆ្នាំ២០២១ មានប្រជាជនកម្ពុជាជាង ៦សែននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម និងប្រជាពលរដ្ឋប្រមាណ ៦សែននាក់ទៀតក៏មានជំងឺនេះដែរ ដោយមិនទាន់បានធ្វើរោគវិនិច្ឆ័យ ដែលមានសរុបមានប្រមាណជាង ១.២លាននាក់ រស់នៅជាមួយ ជំងឺទឹកនោមផ្អែមនៅក្នុងប្រទេសកម្ពុជា បន្ថែមពីលើចំនួនអ្នកដែលត្រៀមកើតជំងឺទឹកនោមផ្អែម មានប្រហែលជា កន្លះលាននាក់ទៀតដែរ [..] បើបូកទៅមានប្រហែល ជិត២លាននាក់»។
លោកវេជ្ជបណ្ឌិត កុយ វ៉ាន់នី បានឱ្យដឹងទៀតថា គិតត្រឹមឆ្នាំ២០២១ ទូទាំងសកលលោក មានអ្នករស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមមានមិនតិចជាង ៥៣០លាន នាក់នោះទេ ដែលនេះជាចំនួនយ៉ាងច្រើន ហើយបើគិតទៅដល់ឆ្នាំ២០៤៥ និងមានអ្នកជំងឺទឹកនោមផ្អែមឡើងដល់ជាង ៧០០លាននាក់។
លោកអះអាងថា បញ្ហាលើស ជាតិស្ករនេះ អាចសម្លាប់មនុស្សបានយ៉ាងងាយ ជាពិសេសផ្តល់ឱ្យមនុស្សប្រឈមខ្លាំងជាមួយនឹងជំងឺបេះដូង និងសរសៃឈាម ដែលធ្វើឱ្យប្រឈមនឹងការគាំងបេះដូង និងអាចប៉ះពាល់ដល់ អវៈយវៈរបស់មនុស្សផងដែរ។
លោកវេជ្ជបណ្ឌិត ស៊ុ សត្ថា ជាភាតរៈសមាជិក American College of Endocrinology បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងដែរថា ដើម្បីអាចជៀសឆ្ងាយពីជំងឺទឹកនោមផ្អែមនោះ គឺយើងត្រូវចេះស្វែងយល់ពីវិធីសាស្ត្រក្នុងការថែរក្សាខ្លួន ការផ្លាស់ប្តូរ ទម្លាប់ក្នុងការរស់នៅ កាត់បន្ថយចំណីអាហារដែលសម្បូរដោយកាល់ឡូរី ទទួលទានបន្លែផ្លែឈើឱ្យបានច្រើន ព្យាយាមក្នុងការហាត់ប្រាណឱ្យបានទៀតទាត់ កាត់បន្ថយការទទួលទានបារី ទទួលស្រា និងសម្រាកឱ្យបានគ្រប់គ្រាន់ កាត់បន្ថយកុំឱ្យ មានបញ្ហាស្រ្តេសញឹកញាប់ ជាពិសេសនោះត្រូវព្យាយាមសិក្សាស្វែងយល់ ពីបញ្ហាដែល បណ្តាលឱ្យកើតជំងឺប្រភេទនេះ និងព្យាយាមបង្ការការពារខ្លួន និងបន្ស៉ាំខ្លួនរស់នៅ ជាមួយបរិស្ថានដែលល្អ និងមានសុវត្ថិភាពផងដែរ។
ជាមួយគ្នានោះដែរ តំណាងការិយាល័យក្រុមហ៊ុន ស៊េវីយេ អនុរជាតិ ក៏បានបង្ហាញពីប្រសិទ្ធភាព និងអត្តប្រយោជន៍នៃឱសថរបស់ខ្លួន ក្នុងការគ្រប់គ្រងអ្នកជំងឺទឹកនោមផ្អែម និងបានបញ្ជាក់ពី tool មួយចំនួនដើម្បីជួយឲ្យអ្នកជំងឺទឹកនោមផ្អែមយល់ដឹងកាន់តែច្បាស់ពីជំងឺនេះផងដែរ។ សម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់៖ ទំព័រ Facebook ថ្ងៃដំបូងរបស់ខ្ញុំ My first day , កម្មវិធីទូរស័ព្ទជាភាសាខ្មែរ មានឈ្មោះថា Diabetes Word ឫគេហទំព័រ My Health-partner ៕