(ភ្នំពេញ)៖ សាលា AUTHENTIC ADVANCED ACADEMY (AAA) បានប្រារព្ធពិធីបំពាក់មេដាយអន្តរជាតិ និងប្រគល់វិញ្ញាបនបត្រដល់សិស្សជ័យលាភីផ្នែកតេក្វាន់ដូ និងរបាំបាឡេ ក្រោមអធិបតីភាពលោក ម៉ៅ ស្រេង អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងជានាយកស្ថាប័ន IDP & ACE ប្រចាំប្រទេសកម្ពុជា តំណាងបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌល ម៉ានី ដោយមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់សហភាពសហព័ន្ធយុវជនកម្ពុជា គណៈកម្មការជាតិអូឡាំពិកកម្ពុជា ខេមរសហព័ន្ធតេក្វាន់ដូ បណ្ឌិត្យសភាតេក្វាន់ដូកម្ពុជា សាលាអន្តរជាតិ ធនាគារ ក្រុមហ៊ុនឯកជន និងសមាគមនានា ព្រមទាំងមាតាបិតា និង សិស្សានុសិស្ស សរុបចំនួន ៣៥០ នាក់។

តាមរយៈរបាយការណ៍សកម្មភាព និងវឌ្ឍនភាពសាលា AAA របស់លោកស្រី ហួត ឈុនហ្គេច ប្រធានក្រុមប្រឹក្សាភិបាលសាលា ឃើញថាសាលា AAA ជាសាលាឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលផ្តល់នៅកម្មវិធីសិក្សាក្រៅម៉ោងបន្ថែម (After-school Programs) ដល់សិស្សានុសិស្សចាប់ពីអាយុ៣ឆ្នាំឡើងទៅ ដែលកម្មវិធីសិក្សាក្រៅម៉ោងបន្ថែមផ្តោតលើ ផ្នែកកីឡា របាំ តូរ្យតន្ត្រី គំនូរ ភាសា STEM ពិសោធន៏ មូលដ្ឋានគ្រឹះនៃការគិត និងវិភាគបែបតក្កវិទ្យា ភាពជាសហគ្រិន និងការច្នៃប្រឌិតថ្មី។ បច្ចុប្បន្ន សាលា AAA ជាសមាជិកក្លឹបពេញសិទ្ធ នៃ ខេមរសហព័ន្ធតេក្វាន់ដូផងដែរ។

សាលានឹងពង្រីកវិសាលភាពក្នុងការផ្តល់ភាពងាយស្រួល ដល់សិស្សានុសិស្ស និងមាតាបិតា ដោយក្នុងពេលអនាគត សាលានឹងមានគម្រោងបង្កើតសាខាបន្ថែម ក្នុងខណ្ឌផ្សេងៗ និងបណ្តាខេត្តធំៗមួយចំនួនបន្ថែមផងដែរ។ លើសពីនេះទៀត សិស្សគុនតេក្វាន់ដូរបស់សាលា AAA បានទទួលជ័យលាភីពីការប្រកួតតេក្វាន់ដូWT កម្រិតអន្តរជាតិ នៅសហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន ដោយទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធ ផងដែរ។

លោក ម៉ៅ ស្រេង អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងជានាយកស្ថាប័ន IDP & ACE ប្រចាំប្រទេសកម្ពុជា ថ្លែងក្នុងអង្គពិធី លោកក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំពង្រឹងគុណភាពអប់រំ និងសមិទ្ធិផលរបស់សាលា AAA ផងដែរ។ លើសពីនេះទៀត លោកបានអបអរសាទរដល់សិស្សជ័យលាភីទាំងអស់ សម្រាប់ការទទួល បានជោគជ័យរបស់ពួកគេ និងបានលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ ឲ្យបន្តការខិតខំប្រឹងប្រែងរៀនសូត្រ និងហ្វឹកហាត់បន្ថែម។

លោកអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ បានបញ្ជាក់ថាជ័យលាភីមេដាយមាស ប្រាក់ និងសំរិទ្ធ ពីការប្រកួត តេក្វាន់ដូ WT កម្រិតអន្តរជាតិ នៅសហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន ជាការលើកមុខមាត់ប្រទេសកម្ពុជា យើងលើឆាកអន្តរជាតិក្នុងវិស័យកីឡាផងដែរ។ ក្នុងកម្មវិធីនេះ មានការបំពាក់មេដាយ និងប្រគល់វិញ្ញាបនបត្រ ដល់សិស្សជ័យលាភី ក្រោមអធិបតីភាព ក្រោមអធិបតីភាពលោក ម៉ៅ ស្រេង ដោយក្នុងនោះមាន៖

1. សិស្សជ័យលាភីមេដាយមាស ប្រាក់ និងសំរិទ្ធពីការប្រកួតការប្រកួតគុនតេក្វាន់ដូWT “North Carolina International Taekwondo Open Tournament” ប្រារព្ធនៅសហរដ្ឋអាមេរិក មានចំនួន ៤រូប
2. សិស្សជ័យលាភីមេដាយមាស ប្រាក់ និងសំរិទ្ធពីការប្រកួតគុនតេក្វាន់ដូ “One International Taekwondo Poomsae Championships” ប្រារព្ធនៅប្រទេសហ្វីលីពីន មានចំនួន ៦រូប
3. សិស្សគុនតេក្វាន់ដូបានជាប់ការប្រឡងកម្រិតខ្សែក្រវ៉ាត់ខ្មៅ ១ជាន់ ២ជាន់ និង៣ជាន់ ពីស្ថាប័នតេក្វាន់ដូពិភពលោក KUKKIWON ដែលស្នាក់ការកណ្តាលនៅសាធារណរដ្ឋកូរ៉េ មានចំនួន១៧រូប
4. សិស្សរបាំបាឡេបានបញ្ចប់វគ្គសិក្សា១ឆ្នាំពេញលេញ មានចំនួន ២រូប
5. សិស្សផ្នែកតេក្វាន់ដូ និងរបាំបាឡេ ទទួលវិញ្ញាបនបត្រចំនួន 120 រូប

ក្រៅពីពិធីបំពាក់មេដាយ និងវិញ្ញាបនបត្រ ក៏មានការសម្តែងពិសេស ក្បាច់គុនតេក្វាន់ដូ និងរបាំបាឡេ ដែលសម្តែងដោយសិស្សសាលា AAA និងការដាក់តាំងបង្ហាញផលិតផល និងស្តង់ផ្តល់ពត៌មានសិក្សា ពីក្រុមហ៊ុន និងសាលាអន្តរជាតិជាដៃគូផងដែរ៕