(សៀមរាប)៖ គម្រោងជួសជុល និងអភិរក្សកុដិឈើបុរាណនៅវត្តព្រះព្រហ្មរ័ត្ន ដែលទទួលបានថវិកា និងបច្ចេកទេសទាំងស្រុងពីអាជ្ញាធរជាតិអប្សរាបានបញ្ចប់ជាស្ថាពរហើយ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។
ក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា គឺបានជួសជុលកុដិឈើពីរខ្នង ដែលមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ ធ្លុះធ្លាយ និងធ្លាក់បាក់ឱ្យល្អឡើងវិញ ព្រមទាំងជួសជុលពង្រឹងកែលម្អនៅតាមកន្លែងជាច្រើនទៀត ដូចជា ការជួសជុលជញ្ជាំង ជើងជញ្ជាំង ដំបូលជាដើម និងផ្នែកសំខាន់នៃគ្រឿងបង្គុំសំណង់មួយចំនួនទៀតឱ្យរួចផុតពីហានិភ័យ និងរក្សាបាននូវភាពរឹងមាំឡើងវិញ។
សូមបញ្ជាក់ថា កុដិឈើចាស់នៅវត្តព្រហ្មរ័ត្ននេះ មានទទឹង១៣.៦៥ម៉ែត្រ បណ្តោយ១៤.៧៨ម៉ែត្រ និងកម្ពស់៧.៧៧ម៉ែត្រ។ គោលបំណងនៃការងារជួសជុល និងអភិរក្សខាងលើ គឺដើម្បីឱ្យសំណង់កុដិឈើនេះអាចបំពេញតួនាទីរបស់ខ្លួនបន្តទៅទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងការសិក្សារៀនសូត្រ ជាពិសេសរក្សានូវមរតកពីបុរាណ ព្រមទាំងអាចទាក់ទាញចំណាប់អារម្មណ៍របស់ទេសចរមកទស្សនាស្វែងយល់បន្ថែម ក្រៅពីសំណង់ប្រាសាទបុរាណរបស់យើងផងដែរ៕