(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តដែលមានដើមកំណើតនៅប្រទេសវៀតណាម Vinfast បានរាយការណ៍ថា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយស្តីពីកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Credit Suisse Ltd និង Citigroup Global Markets Inc ដើម្បីរ៉ៃអង្គាសប្រាក់បានយ៉ាងហោចណាស់ ៤ពាន់លានដុល្លារ ក្នុងគោលបំណងពង្រីករោងចក្រផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនមេ Vingroup JSC កាលពីខែឧសភាកន្លងទៅបាននិយាយថា ការផ្តល់ជូន IPO សម្រាប់ Vinfast អាចត្រូវបានពន្យារពេលរហូតដល់ឆ្នាំក្រោយដោយសារតែភាពមិនច្បាស់លាស់នៃទីផ្សារពិភពលោក។ ដូច្នេះហើយទើបបានជាក្រុមហ៊ុនផលិតរថយន្តដ៏ធំនេះងាកទៅរកជំនួយពីក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុទាំងពីខាងលើ ដែលជាធនាគារវិនិយោគសកលរបស់ប្រទេសស្វីស និងសហរដ្ឋអាមេរិក។
យ៉ាងណាមិញ Vinfast មិនបានបញ្ជាក់នោះទេថានឹងរ៉ៃអង្គាសប្រាក់ចំនួនប៉ុន្មានពីធនាគារនីមួយៗនោះ បើតាមការឱ្យដឹងខាងលើទំនងក្រុមហ៊ុនទាំងពីបញ្ចួលគ្នាប្រហែល ៤ពាន់លានដុល្លារហ្នឹងឯង។ ខណៈដែល Credit Suisse និង Citigroup មិនបានធ្វើការឆ្លើយតបភ្លាមៗចំពោះសំណើរសុំការអត្ថាធិប្បាយពី Reuters នោះទេ។
យ៉ាងណាមិញចំពោះរោងចក្រដែល Vinfast គ្រោងនឹងទៅពង្រីកនោះមានទីតាំងនៅ រដ្ឋ North Carolina ដែលគ្របដណ្តប់លើផ្ទៃដី ៨០០ហិតា ហើយលើសពីនេះទៅទៀតវានឹងអាចមានសមត្ថភាពផលិតរថយន្តអគ្គីសនីបានចំនួន ១៥០,០០០គ្រឿងក្នុងមួយឆ្នាំឯណោះ។ មួយវិញទៀត Vinfast បានសន្យាថានឹងបង្កើតការងារចំនួន ៧,៥០០ នៅរោងចក្រនោះ ហើយមានបំណងចាប់ផ្តើមផលិតកម្មនៅឆ្នាំ ២០២៤ខាងមុខនេះតែម្តង។
គួរបញ្ជាក់ដែរថា ការងាកទៅផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកនេះ Vinfast ទទួលបានការគាំទ្រជាខ្លាំងពីប្រធានាធិបតីអាមេរិកលោក Joe Biden។ ដោយឡែកកាលពីចុងខែមីនាកន្លងទៅ លោក Biden ក៏បានបង្ហោះនៅលើ Twitter ដែលជាការស្វាគមន៍ដ៏កក់ក្តៅដោយលោកបានលើកឡើងថា «ផែនការវិនិយោគរបស់ Vinfast នៅក្នុងសហរដ្ឋអាមេរិកគឺជាឧទាហរណ៍ចុងក្រោយបំផុតនៃយុទ្ធសាស្រ្តសេដ្ឋកិច្ចរបស់ខ្ញុំនៅកន្លែងធ្វើការ»៕