(សៀមរាប)៖ កូនឈើចម្រុះសរុប៨,០០០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់សាធារណជនចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

ប្រគេនកូនឈើជូនព្រះឥន្ទសី បឿត សុម៉ៅសុវណ្ណារ៉ា ព្រះគ្រូចៅអធិការវត្តវេឡុវ័ន ហៅវត្តដោកពោយគោកក្រោល ចំនួន១,៣៥០ដើម ដើម្បីយកទៅដាំបន្ថែមលម្អក្នុងបរិវេណវត្តវេឡុវ័ន ស្ថិតក្នុងភូមិឫស្សីសាញ់ ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ កូនឈើទាំងនោះ រួមមានឈើទាល (ដើមយាង) ៨០០ដើម គគីរ២០០ដើម រំដួល១០០ដើម ព្កុល២០០ដើម និងអូញម៉ូញ៥០ដើម។

ប្រគេនកូនឈើជូនព្រះភិក្ខុមនាបសីលោ ម៉យ ម៉ានុត ព្រះគ្រូចៅអធិការវត្តគោកដូងសំរោងក្លាង ហៅវត្តសំរោង ចំនួន៦០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តសំរោង ស្ថិតក្នុងភូមិសំរោង ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះ រួមមានគ្រញូង២០០ដើម ធ្នង់១០០ដើម បេង១០០ដើម គគីរ១០០ដើម និងឈើទាល១០០ដើម។

ប្រគេនកូនគ្រញូងជូនព្រះអង្គ ម៉ែន សាម៉ន ព្រះគ្រូចៅអធិការវត្តសសរស្តម្ភ ចំនួន៣០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីធ្លាវត្តសសរស្តម្ភ ស្ថិតក្នុងឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

ផ្តល់កូនឈើជូនលោកឧត្តមសេនីយ៍ទោ សុខ ធារ៉ា តំណាងទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ ចំនួន៤,០០០ដើម ដើម្បីយកទៅដាំជួស និងដាំបន្ថែមក្នុងបរិវេណទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងយកទៅដាំនៅទីបញ្ជាការដ្ឋានចំនួន៣ផ្សេងទៀតនៅខេត្តឧត្តរមានជ័យ។ កូនឈើទាំងនោះ រួមមានគ្រញូង១,៥០០ដើម ធ្នង់៥០០ដើម ច្រេស៥០០ដើម ឈើទាល៥០០ដើម គគីរ៥០០ដើម និងកកោះ៥០០ដើម។

ផ្តល់កូនឈើជូនតំណាងរដ្ឋបាលឃុំប៉ោយចារ ចំនួន៨០០ដើម ដើម្បីយកទៅដាំនៅតាមទំនប់រមណីយដ្ឋានអាងទឹកត្រពាំងថ្ម សាលារៀន និងមណ្ឌលសុខភាពក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន គគីរ៥០០ដើម ត្រាច១០០ដើម ក្ងោកធំ១០០ដើម និងក្ងោកតូច១០០ដើម។

ផ្តល់កូនឈើជូនលោក មាន លុជ្យ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣៥០ដើម ដើម្បីយកទៅដាំលើដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិបុស្សតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះ រួមមានឈើទាល៨០ដើម គគីរ៥០ដើម កកោះ៥០ដើម ផ្តៀក៥០ដើម ធ្នង់៥០ដើម បេង៥០ដើម គ្រញូង២០ដើម។

ផ្តល់កូនឈើជូនលោក ងួន វុទ្ធី ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន សិ្ថតក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ កូនឈើទាំងនោះ រួមមានធ្នង់១០០ដើម គ្រញូង៥០ដើម និងគគីរ៥០ដើម។

ផ្តល់កូនគ្រញូងជូនលោក ចែត រុងរឿង ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណសាលាបឋមសិក្សាចំបក់ស ស្ថិតនៅភូមិតាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ផ្តល់កូនឈើជូនអ្នកស្រី អែម សុខាន នាយិកាសាលាបឋមសិក្សាដូនឪ ចំនួន១០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណទីធ្លាសាលារៀន ស្ថិតនៅភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះ រួមមានបេង២០ដើម គ្រញូង២០ដើម ត្របែកព្រៃ២០ដើម រាំង២០ដើម និងរំដួល២០ដើម៕