(សៀមរាប)៖ គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលស្រះស្រង់ផ្នែកខាងត្បូង ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ដែលបានចាប់ផ្តើមតាំងពីខែមករា ដើមឆ្នាំ២០២២ ប្រើរយៈពេល៧ខែ បានបញ្ចប់រួចរាល់ជាស្ថាពរនៅខែកក្កដា ឆ្នាំ២០២២នេះ។
លោក ក្រឹម គ្រួន អ្នកគ្រប់គ្រងការដ្ឋានជួសជុលកំពង់ទឹករបស់ស្ពានហាលស្រះស្រង់ បានឱ្យដឹងថា ការងារជួសជុលស្ពានហាលរបស់កំពង់ទឹកនេះ គឺដើម្បីពង្រឹងរចនាសម្ពន្ធរបស់កំពង់ទឹកស្ពានហាលឱ្យមានរូបរាងដើម និងរឹងមាំឡើងវិញ។
លោកបានបញ្ជាក់ពីមូលហេតុដែលធ្វើឱ្យរចនាសម្ពន្ធសំណង់កំពង់ទឹករបស់ស្ពានហាលនៃស្រះស្រង់ផ្នែកខាងត្បូងរងការខូចខាត ដោយសារអាយុកាលនៃសំណង់ផង ការពុកផុយនៃស្រទាប់ថ្មបាយក្រៀមខាងក្រោមផង ហើយក៏មានឫសឈើចាក់ជ្រែកទៅក្នុងថ្មធ្វើឱ្យថ្មរំកិលខុសពីទីតាំងដើម។
លោក ក្រឹម គ្រួន បានបន្តទៀតថា ការងារជំហានដំបូង ក្រុមការងារធ្វើសម្រង់ប្លង់ និងការរើថ្ម លាងសម្អាត ចុះបញ្ជីថ្ម និងជួសជុលថ្ម ព្រមទាំងធ្វើកំណាយបុរាណវិទ្យាដើម្បីសិក្សាពីស្ថានភាពគ្រឹះ។ ក្រោយពីពង្រឹងគ្រឹះដោយប្រើវិធីសាស្រ្តបុរាណឡើងវិញរួចរាល់ អ្នកជំនាញបានរៀបចំផ្គុំថ្មបាយក្រៀម និងថ្មភក់ទៅតាមលំនាំដើម ដោយបន្ថែមថ្មថ្មីក្នុងចំនួនតិចបំផុត ហើយក្រុមការងារបានបិទភ្ជិតមុខដំណរថ្មដើម្បីការពារជម្រាបទឹក ជៀសវាងការខូចខាតគ្រឹះបន្តទៀត។
លោក ក្រឹម គ្រួន បានបញ្ជាក់ថា កំពង់ទឹកនេះធ្លាប់បានជួសជុលកាលពីសម័យបារាំងរួចម្តងមកហើយ ដោយការរៀបថ្ម ចាក់បេតុង ចាក់ល្បាយដីពង្រឹងគ្រឹះឡើងវិញ ប៉ុន្តែដោយកត្តាអាយុកាល និងធម្មជាតិ ទឹកភ្លៀងបានហូរច្រោះគ្រឹះបណ្តាលបាក់ស្រុតតាមកន្លែងផ្សេងៗជាអន្លើៗ។
ក្រោយពីអាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកំពង់ទឹកផ្នែកខាងត្បូងនេះរួចរាល់ ក៏បានរំលេចរូបរាងដើមឡើងវិញ រក្សាបាននូវភាពរឹងមាំស្ថិតនៅគង់វង្សយូរអង្វែងបានដល់កូនចៅខ្មែរជំនាន់ក្រោយជាបន្តទៀត និងលើកកម្ពស់សោភ័ណភាពរបស់ស្ពានហាលនេះកាន់តែមានភាពស្រស់ស្អាត៕