(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងសហការីបានចូលរួមគោរពវិញ្ញាណក្ខន្ធលោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ ក៏បានសម្តែងនូវការគោរពដឹងគុណ និងសោកស្តាយបំផុតចំពោះការបាត់បង់លោក ស៊ីនហ្សូ អាបេ ជាមួយគ្រួសារសព ប្រជាជនជប៉ុន ក៏ដូចជារដ្ឋាភិបាលជប៉ុន ដែលកន្លងមកបានចូលរួមចំណែកយ៉ាងច្រើនក្នុងកិច្ចការអភិរក្ស អភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ តាមរយៈជំនួយផ្សេងៗក្នុងការជួសជុលប្រាសាទនានា។

ក្នុងឱកាសដ៏ក្រៀមគ្រាំនេះ លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា និងសហការីបានឧទ្ទិសកុសលផលបុណ្យដែលបានសាង និងបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់លោក ស៊ីនហ្សូ អាបេ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕