(ភ្នំពេញ)៖ សៀវភៅដែលមានចំណងជើងថា «ប្ដូររបៀបគិត ជីវិតរុងរឿង» ដែលបានរៀបរាប់ពីខ្សែជីវិតរបស់ លោកគ្រូ ឃីម សុខហេង ដែលកើតចេញពីកូនកសិករ ប្រឹងប្រែងសិក្សារហូតទទួលបានជោគជ័យក្នុងជីវិត បានចាប់ផ្តើមបើកសម្ពោធ និងដាក់លក់នៅលើទីផ្សារ ដើម្បីជាការចែករំលែកចំណេះដឹង ដល់សាធារណជន ពិសេសក្នុងស្រទាប់យុវជន កុំឱ្យមានការបោះបង់ក្តីស្រមៃរបស់ខ្លួន។

សៀវភៅ «ប្ដូររបៀបគិត ជីវិតរុងរឿង» គឺជាស្នាដៃនិពន្ធរបស់លោកគ្រូ ឃីម សុខហេង និងមានសហនិពន្ធលោក Pierre Gillette និងលោក គី សុខលីម បានចាប់ផ្តើម បោះពុម្ភលក់ ដោយក្រុមហ៊ុនអាម៉ាហ្សាឌៀ អេឌូខេសិន ( AMAZADIA EDUCATION)។

ពិធីបើកសម្ពោធសៀវភៅនេះដែរ បានធ្វើឡើងនាល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ Raffle Le Royal ក្រោមវត្តមាន លោក នួន សុថេរ៉ូ នាយកប្រតិបត្តិ ក្រុមហ៊ុនអាម៉ាហ្សាឌៀ អេឌូខេសិន, លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន ZILLENIUM GROUP , លោក សាយ សុខខេង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Z1 Financial , លោក Christopher Leer អ្នកនិពន្ធសៀវភៅ OPERACY, លោកគ្រូ ឃីម សុខហេង, លោក គី សុខលីម, លោក កៃ គឹមសុង ចាងហ្វាងការផ្សាយក្រុមហ៊ុនអាម៉ាហ្សាឌៀ អេឌូខេសិន រួមទាំងមានការចូលរួមពីកវីនិពន្ធ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

លោក នួន សុថេរ៉ូ បានឱ្យដឹងថា ដោយមើលឃើញអំពីសារប្រយោជន៍ និងគុណប្រយោជន៍ខ្ពស់លើការសរសេរ តែងនិពន្ធ និងបោះពុម្ពផ្សាយ ដែលជាការលើកតម្កើង វិជ្ជាជីវៈអ្នកនិពន្ធ ក្នុងការបង្កើតនូវស្នាដៃ និពន្ធឱ្យកាន់តែផុសផុល ក្រុមហ៊ុន AMAZADIA EDUCATION បានផ្តួចផ្តើមគំនិតយុទ្ធនាការ «ខ្មែរម្នាក់សៀវភៅមួយក្បាល និងអានបានលុយ»។ ទស្សនវិជ្ជានេះមានបំណងតែមួយគត់គឺជំរុញនិងគាំទ្រវិជ្ជាជីវៈអ្នកនិពន្ធក្នុងន័យការពារ និងពង្រឹងអក្សរសាស្ត្រជាតិខ្មែរ តាមរយៈការសរសេរ និងការអាន។

លោក នួន សុថេរ៉ូ បានបញ្ជាក់ទៀតថា ដោយសារតែចម្បាំងរាំងជល់ ជិតបីទសវត្សរ៍ កវី អ្នកនិពន្ធ អ្នកប្រាជ្ញអក្សរសាស្ត្រ ផ្នែកវប្បធម៌ជាតិខ្មែរ បានកាប់សម្លាប់ ស្ទើរគ្មានសល់ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅយ៉ាងថ្នឹកមាត់ថា របបខ្មែរក្រហម។ តែទោះបីជាយ៉ាងណាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ធនធានមនុស្សបានស្ដារឡើងវិញជាបន្តបន្ទាប់។ ចំណេះដឹងដែលពលរដ្ឋកម្ពុជាសន្សំទុក និងបានប្រើជិត ៤០ឆ្នាំគួរតែត្រូវសរសេរកត់ត្រា ចងក្រងទុកក្នុងសៀវភៅ ដើម្បីមនុស្សជំនាន់ក្រោយ បានសិក្សាឈ្វេងយល់ផងដែរ។

បើតាម លោកគ្រូ ឃីម សុខហេង , ការនិពន្ធសៀវភៅ «ប្ដូររបៀបគិត ជីវិតរុងរឿង» គឺដើម្បីជាការចែករំលែកនូវចំណេះដឹងដែលលោកបានឆ្លងកាត់ រហូតទទួលបានលទ្ធផលល្អ ដើម្បីបានចែករំលែកដល់យុវជនជំនាន់ក្រោយ ដើម្បីធ្វើយ៉ាងណាឱ្យខ្លួនបានក្លាយជាមនុស្សល្អ និងចេះដោះស្រាយបញ្ហាជីវិតផ្ទាល់ខ្លួន ដ៏ស្មុគស្មាញ ដោយប្រើចំណេះជាអាហារ ប្រាជ្ញាជាអាវុធ ដើម្បីដោះស្រាយបញ្ហាទាំងនោះ។

លោកគ្រូ ឃីម សុខហេង បានបន្ថែមថា «ប្ដូររបៀបគិត ជីវិតរុងរឿង» គឺដើម្បីជាសារមួយក្នុងការដាស់តឿនយុវជន ឱ្យចេះប្តូរបៀបគិតរបស់ខ្លួន ពីអ្វីដែលខ្លួនគិតថា មិនអាចធ្វើបាន ឱ្យទៅជាអ្វីដែលអាចធ្វើបាន និងលុបបំបាត់ឱ្យបាននូវផ្នត់គំនិត ដែលតែងតែបំបាក់ទឹកចិត្តរបស់ខ្លួនឯង និងផ្លាស់ប្តូររបៀបគិតខ្លួនឯង គិតរឿងដែលល្អៗ និងជំរុញខ្លួនឯងខិតខំធ្វើអ្វីឱ្យបានសម្រេចតាមបំណងរបស់ខ្លួនឯង។

សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះសៀវភៅ «ប្ដូររបៀបគិត ជីវិតរុងរឿង» នឹងរៀបចំបោះពុម្ពផ្សាយរហូតដល់ទៅ ៤ភាសា រួមមានភាសា៖ បារាំង ខ្មែរ អង់គ្លេស និងចិន ហើយក្នុងពេលខាងមុខ នឹងបន្ថែមភាសា ជប៉ុន កូរ៉េ ព្រមទាំងភាសាផ្សេងៗទៀតរហូតដល់១៦ភាសាផងដែរ៕